ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៨០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1កម្មវិធី “ស្រង់ព្រះពុទ្ធបដិមាតាមអនឡាញ- គុណធម៌ទ្វេដង” នៅលើបណ្តាញសង្គមពុទ្ធសាសនា Butta

តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារ និងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។

ក្នុងសប្តាហ៍កន្លងទៅ មិត្តអ្នកស្ដាប់ សាមឡាលី មកពីកម្ពុជាបានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះកម្មវិធី “ស្រង់ព្រះពុទ្ធបដិមាតាមអនឡាញ- គុណធម៌ទ្វេដង” នៅលើបណ្តាញសង្គមពុទ្ធសាសនា Butta ។ មិត្តមានគោលបំណងស្វែងយល់ ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍នេះ។ ប្រិយមិត្តជាទីមេត្រី។ ក្រោយរយៈពេលជាងមួយឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ នោះ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាព ពុទ្ធសាសនាកំពុងមានការបោះជំហានទៅមុខគួរឲ្យកត់សម្គាល់។ នាពេលថ្មីៗនេះ ក្រោយរយៈពេល ១ សប្តាហ៍ ដែលសមាគមន៍ពុទ្ធសាសនាវៀតណាមបានបំផុសកម្មវិធី “ ស្រង់ព្រះពុទ្ធបដិមាតាមអនឡាញ- គុណធម៌ទ្វេដង”នៅលើបណ្តាញសង្គមពុទ្ធសាសនា Butta មក មានមនុស្សចំនួន ២ ម៉ឺននាក់បានចូលរួម ហើយតួរលេខនេះបានបន្តកើនឡើងដែរ។ ការចូលរួមយ៉ាងសកម្មរបស់មនុស្សយ៉ាងច្រើនកុះករបានអះអាងនូវស្មារតីសាមគ្គីភាព រួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងបុណ្យវិសាខបូជាឆ្នាំនេះ។ តាមរយៈការប្រើប្រាស់កម្មវិធីបណ្តាញសង្គមពុទ្ធសាសនា Butta នោះ ពុទ្ធបរិស័ទនៅគ្រប់ទីកន្លែងអាច ធ្វើសក្ការបូជាដល់ព្រះពុទ្ធ នៅតាមផ្ទះតាមទម្រង់អនឡាញ ដើម្បីធានាសុវត្ថិភាពក្នុងបរិបទ ដែលជំងឺកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ លើសពីនេះទៅទៀត រាល់ពេលធ្វើពិធីស្រង់ព្រះពុទ្ធបដិមាតាមអនឡាញនោះ មនុស្សម្នាក់ៗបានបរិច្ចាគថវិកាចំនួន ១ ម៉ឺនដុងដល់មូលនិធិបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩របស់សមាគមន៍ព្រះពុទ្ធសាសនាវៀតណាមផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ប័ណ្ណ QR-Code

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនពីប្រិយមិត្ត ក្នុងនោះមានមតិចែករំលែកគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់ សុខដារ៉េត។ ក្នុងសំបុត្រដែលបានផ្ញើមកកាន់កម្មវិធី មិត្តបានសេសេរថា “ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជននោះ យើងខ្ញុំបានដឹងថា ទីក្រុង Da Nang កំពុងអនុវត្តន៍ទម្រង់ទៅផ្សារតាមរយៈប័ណ្ណ QR-Code ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ តើកម្មវិធីអាចឧទ្ទេសនាមអំពីព័ត៌មាននេះបន្ថែមបានទេ។ មិត្តសុខដារ៉េត និងមិត្តអ្នកស្ដាប់ជាទីមេត្រី សំដៅបង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ ទីក្រុង Da Nang កំពុងអនុវត្តន៍ប័ណ្ណទៅផ្សារ QR-Code ជំនួសប័ណ្ណទៅ ផ្សារ ៣ ថ្ងៃម្ដង។ ប្រជាជនត្រឹមតែរក្សាទុក ហើយថតកាតដែលមាន QR-Code គឺអាចចូលផ្សារយ៉ាងងាយស្រួល។ ប្រការនេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ស្ថាប័នមានសមត្ថកិច្ចក្នុងការងារតាមដានករណីដែលសង្ស័យឆ្លងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាពជាងមុនទៀតផង។ ជាក់ស្ដែង ក្រុមគ្រួសារនីមួយនឹងទទួលបានក្រដាសមួយសន្លឹក ដែលមាន QR-Code ផ្ទាល់ខ្លួន។ នៅពេលទៅផ្សារ ប្រជាជននឹងបង្ហាញក្រដាសនេះទៅឱ្យបុគ្គលិកគ្រប់គ្រងដើម្បីធ្វើការស្កេនលេខកូដនេះ។ ប្រសិនបើកម្មវិធីបានបង្ហាញពណ៌បៃតងគឺមានន័យថា check-in ប្រកបដោយជោគជ័យ ហើយប្រជាជនអាចចូលក្នុងផ្សារ។ ប្រសិនបើកម្មវិធីបានបង្ហាញពណ៌ក្រហមវិញ គឺមានន័យថាម្នាក់នេះបានទៅផ្សារខុសថ្ងៃកំណត់ ឬបានទៅផ្សារផ្សេងទៀតក្នុងថ្ងៃនេះ ហើយបុគ្គលិកនឹងធ្វើការពន្យល់ ដោយអញ្ជើញម្នាក់នេះវិលត្រឡប់ទៅផ្ទះវិញផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3នៅពេលទៅផ្សារ ប្រជាជននឹងបង្ហាញប័ណ្ណ QR-Code ទៅឱ្យបុគ្គលិកគ្រប់គ្រងដើម្បីធ្វើការស្កេនលេខកូដ

ជាបន្តទៅទៀត យើងខ្ញុំសូមធ្វើការឆ្លើយសំណួរជូនមិត្តអ្នកស្ដាប់ គីមសែនសុខ។ ក្នុងសំបុត្រដែលផ្ញើមកកាន់កម្មវិធី មិត្តមានគោលបំណងចង់ស្វែងយល់អំពីម្ហូបដ៏ឆ្ងាញ់ពិសារក្នុងវប្បធម៌ម្ហូបអាហារតាមចឹញ្ចឹមថ្នលរបស់ប្រជាជនទីក្រុងហាណូយ។ មិត្តគីមសែនសុខ និងប្រិយមិត្តជាទីមេត្រី។ ក្នុងចំណោមមុខម្ហូបដ៏ឆ្ងាញ់ពិសារនៅទីក្រុងហាណូយនោះ នំបញ្ចុកខ្យងបានក្លាយទៅជាមុខម្ហូប ដែលមិនអាចខ្វះបានក្នុងតារាងម្ហូបអាហាររបស់ប្រជាជន និងភ្ញៀវទេសចរនៅទីក្រុងហាណូយ។ នៅពេលពិសាម្ហូបនេះ ភ្ញៀវទេសចរនឹងទទួលបានរសជាតិឈ្ងុយផ្អែមនៃទឹកសម្ល ជាមួយប៉េងប៉ោះ រួមជាមួយនឹងភាពស្វិត ស្រួយ ដឹបៗរបស់ខ្យង។ ម្ហូបនំបញ្ចុកខ្យងឈ្ងុយឆ្ងាញ់បំផុត គឺត្រូវបានចុងភៅប្រើប្រាស់ខ្យងហោង ដែលជាប្រភេទខ្យង សម្បករលីង មានស្នែង ដើម្បីចម្អិន។ ចំណែកទឹកសម្លវិញ គឺចុងភៅបានប្រើឆ្អឹងជ្រូកស្ងោរ ហើយចម្រាញ់យកទឹក ព្រមជាមួយនឹងប៉េងប៉ោះ។ ទឹកសម្លនឹងកំណត់រសជាតិឈ្ងុយឆ្ងាញ់នៃនំបញ្ចុកខ្យង។ បើពិសានំបញ្ចុកខ្យងមិនត្រូវរំលងទឹកខ្មេះបានឡើយ  ដែលជាគ្រឿងទេសមានរសជាតិជូរ ហើយមានក្លិនបាយស្រា ពីព្រោះនេះគឺជារសជាតិពិសេសរបស់វៀតណាម ហើយក៏បានដិតជាប់នឹងអារម្មណ៍របស់អ្នកនៅឆ្ងាយពីស្រុកកំណើត។ ប្រការគួរឲ្យពិសេស គឺនំបញ្ចុកខ្យងតែងតែបានលក់នៅតាមចិញ្ចើមថ្នល់ទីក្រុងហាណូយ។ អម្រែកនំបញ្ចុកខ្យងបានក្លាយជាម្ហូបអាហារផ្សារភ្ជាប់នឹងវប្បធម៌ របស់មនុស្សទីក្រុងហាណូយ។ លើសពីនេះទៅទៀត ម្ហូបនំបញ្ចុកខ្យងចិញ្ចើមថ្នល់នៅទីក្រុងហាណូយបានមានវត្តមាននៅលើ CNN (ទូរទស្សន៍ល្បីរបស់អាមេរិក) ជាច្រើនលើក។ អាចនិយាយថា នំបញ្ចុកខ្យងគឺជាម្ហូបអាហារមិនអាចរំលង ហើយរួមវិភាគទានដ៏ពិសេសទៅក្នុងវប្បធម៌ម្ហូបអាហារ តាមចិញ្ចើមថ្នល់របស់មនុស្សនៅទីក្រុងហាណូយផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ