ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

Chia sẻ
(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីនៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់មួយចំនួនមកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ដែលបានផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 ក្រុមជម្រើសជាតិកីឡាទាត់សីវៀណានបានឈ្នះមេដាយមាសចំនួន ៥ គ្រឿងក្នុងការប្រកួតទាត់សីពិភពលោកឆ្នាំ២០១៩ (រូបថត៖vov.vn)

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ក្នុងសប្តាហ៍កន្លងទៅ មិត្តអ្នកស្តាប់ Srey Vannaដែលជានិស្សិតកម្ពុជាកំពុងសិក្សានៅវិទ្យាស្ថានការទូតវៀតណាម បានសរសេរសំបុត្រសំដែងនូវក្តីសប្បាយរីករាយនៅពេលដែលដឹងថាក្រុមជម្រើសជាតិកីឡាទាត់សីវៀណានបានឈ្នះមេដាយមាសចំនួន ៥ គ្រឿងក្នុងការប្រកួតទាត់សីពិភពលោកឆ្នាំ២០១៩ ក្នុងសប្តាហ៍កន្លងទៅ។ ក្នុងសំបុត្រ មិត្តបានសរសេរថា « ខ្ញុំជាអ្នកចូលចិត្តកីឡាម្នាក់ ជាពិសេសគឺកីឡាទាត់សី។ នៅក្នុងការប្រកួតទាត់សីពិភពលោក លើកទី១០ ដែលបានរៀបចំឡើងនៅប្រទេសបារាំងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែសីហា ក្រុមកីឡាករវៀតណាមបានឈ្នះមេដាយមាសចំនួន ៥ គ្រឿង ក្នុងវិញ្ញាសារកីឡាទាត់សីសម្រាប់ឯកត្តជនបុរស ឯកត្តជននារី គូប្រុសស្រីចម្រុះ ក្រុមបុរស និងក្រុមនារី។ ខ្ញុំពិតជាសប្បាយរីករាយនិងមានមោទនភាពនៅពេលដែលវៀតណាមទទួលបានស្នាដៃដ៏ខ្ពស់ក្នុងការប្រកួតដែលមានលក្ខណៈអន្តរជាតយ៉ាងដូច្នេះ។ គួរជម្រាបថាកីឡាទាត់សីគឺជាកីឡាដែលទាមទារឲ្យមានភាពប៉ិនប្រសប់ និងស្វិតស្វាញ ដែលសមស្របនឹងកីឡាករវៀតណាមដែរ ហើយនាពេលបច្ចុប្បន្ននេះ កីឡាទាត់សីក៏ក្លាយទៅជាកីឡាមួយដ៏ពេញនិយមនៅទូទាំងសកលលោកនេះ។ ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថាវៀតណាមនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកកីឡានេះនាពេលអនាគតផងដែរ»។ មិត្តអ្នកស្តាប់  Srey Vanna ជាទីមេត្រី! យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយោបល់ដ៏ល្អរបស់មិត្ត។ យើងខ្ញុំនឹងបន្តខិតខំប្រឹងប្រែងនិងផ្សព្វផ្សាយព័ត៌មានឲ្យទាន់ហេតុការណ៍ជាច្រើនថែមទៀត ដើម្បីជូនដល់មិត្តអ្នកស្តាប់ទាំងជិតនិងឆ្ងាយនាពេលខាងមុខនេះផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 ផលិតផលវិចិត្រសិប្បកម្មពីផ្លែដូងនៅខេត្ត Ben Tre (រូបថត៖vov.vn)

 ពីរាជធានីភ្នំពេញ មិត្តអ្នកស្តាប់ Nen Piseth មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីផលិតផលវិចិត្រសិប្បកម្មពីផ្លែដូងនៅខេត្ត Ben Tre។ មិត្តអ្នកស្ដាប់ជាទីមេត្រី! ខេត្ត Ben Tre មានផ្ទៃដីដាំដូងជិត ៦០,០០០ ហិចតា ហើយជារៀងរាល់ឆ្នាំបានផ្តល់ទិន្នផលដូងជាង ៥០០ លានគ្រាប់ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស។ ការធ្វើអាជិវកម្មលើសក្តានុភាពនិងឧត្តមភាពពីដើមដូង ប្រជាជននៅតំបន់នេះ បានបង្កើតឡើងផលិតផលជាច្រើន ដែលមានលក្ខណៈពិសេសប្រចាំនៅខេត្កនេះផងដែរ។ ផ្លែដូងមិនត្រឹមតែមានរសជាតិផ្អែមត្រជាក់ស្រួលតែប៉ុណ្ណោះទេ ថែមទាំងត្រូវបានធ្វើជាវត្ថុសិប្បកម្មដ៏ស្អាតនិងផ្ចិតផ្ចង់ទៀតផង។ មុខរបរធ្វើវិចិត្រសិប្បកម្មដូង បានក្លាយទៅជាមុខរបរមួយដែលរួមចំណែកក្នុងការបង្កើតការងារធ្វើសម្រាប់ពលករជាច្រើននៅតំបន់ ព្រមទាំងបង្កើតប្រាក់ចំណូលបន្ថែមដើម្បីលើកកំពស់គុណភាពជីវភាពរស់នៅនិងធ្វើឲ្យប្រទេសជាតិកាន់តែសម្បូរធូធារផងដែរ។ នាបច្ចុប្បន្ន ផលិតផលវិចិត្រសិប្បកម្មពីដូងមិនត្រឹមតែរួមចំណែកក្នុងការលើកស្ទួយតម្លៃរបស់ដើមដូងខេត្ត Ben Tre ប៉ុណ្ណោះទេ ថែមទាំងជួយឧទ្ទេសនាមអំពីរូបភាពរបស់ខេត្ត Ben Tre ទៅកាន់មិត្តក្នុងស្រុកនិងអន្តរជាតិទៀតផង។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3 កោះ  Cai Chien នៅខេត្ត Quang Ninh

មិត្តអ្នកស្តាប់ Noun Chanda មកពីខេត្តក្រចេះ ប្រទេសកម្ពុជា បានសំដែងនូវបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីកោះ  Cai Chien នៅខេត្ត Quang Ninh។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! កោះ  Cai Chien ស្ថិតនៅស្រុក  Hai Ha ខេត្ត Quang Ninh ដែលជាកោះមួយពោរពេញទៅដោយភាពស្រស់ស្អាត សុខសាន្តត្រាណ និងរហោស្ថានបំផុតនៅភាគខាងជើងប្រទេសវៀតណាម។ កោះ Cai Chien មានក្រុមគ្រួសារជាង ១២០ មានចំនួនប្រជាជនប្រមាណ ៥០០ នាក់ និងមានផ្ទៃដីប្រហែល ២៧០ គីឡូម៉ែត្រផងដែរ។ កោះ Cai Chien ត្រូវបានវាយតម្លៃថាមានសក្តានុភាពដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយសារទីនេះមានទេសភាពដ៏ស្រស់ស្អាត និងមានឆ្នេរខ្សាច់ពណ៌សយ៉ាងវេង ព្រមទាំងមានបរិយាកាសបរិសុទ្ធនិងសុខសាន្តផងដែរ។ ក្រៅពីសមុទ្រ នៅកោះ Cai Chien នៅតែទទួលអំណោយផលពីធម្មជាតិដោយមានប្រព័ន្ធអេកូឡូស៊ីព្រៃដ៏សម្បូរបែបជាមួយនឹងសត្វព្រៃគ្រប់ប្រភេទ។ ដោយមានទេសភាពរបស់ព្រៃនិងកោះដ៏ពិសេសយ៉ាងដូច្នេះ កោះ Cai Chien ត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍មួដែលភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិចាប់អារម្មណ៍និងចូលចិត្តយ៉ាងខ្លាំងបំផុតផងដែរ៕

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ