លើកតម្កើងតម្លៃម្ហូបអាហារប្រជាប្រិយប្រចាំតំបន់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅ Can Tho

Chia sẻ

(VOVWORLD) - មហោស្រពនំប្រជាប្រិយប្រចាំតំបន់ភាគខាងត្បូងវៀតណាម លើកទី ៩ ទើបតែបានប្រព្រឹត្តទៅនៅទីលានខ័ណ្ឌ Binh Thuy ដោយបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករមកចូលរួមផងដែរ។ សកម្មភាពនេះមានគោលបំណងលើកតម្កើងតម្លៃម្ហូបអាហារប្រជាប្រិយភាគខាងត្បូងក្នុងការអភិវឌ្ឍទេសចរណ៍នៅទីក្រុង Can Tho។

លើកតម្កើងតម្លៃម្ហូបអាហារប្រជាប្រិយប្រចាំតំបន់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅ Can Tho - ảnh 1ភ្ញៀវទេសចរមានបទពិសោធន៍ធ្វើនំ ជាមួយសិប្បករ Bay Muon នៅតំបន់ទេសចរណ៍សហគមន៍ Con Son ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho (រូបថត៖ VOV)

ចាប់តាំងពីឆ្នាំ ២០១៥ មក តំបន់ទេសចរណ៍សហគមន៍ Con Son នៅសង្កាត់ Bui Huu Nghia ខ័ណ្ឌ Binh Thuy ត្រូវបានដាក់ឱ្យដំណើរការ ភ្ញៀវទេសចរមកទីនេះអាចរីករាយជាមួយនឹងនំប្រជាប្រិយប្រចាំតំបន់ ភាគខាងត្បូងជាច្រើនប្រភេទ ដូចជា នំសើមផ្អែម នំស្លឹកខ្នុរ នំប្តីប្រពន្ធជាដើម។ ជាពិសេស ដើម្បីបង្កើនភាពទាក់ទាញ សិប្បករនៅទីនេះក៏បង្កើតកន្លែងសម្រាប់ភ្ញៀវក្នុងការធ្វើនំប្រជាប្រិយដោយខ្លួនឯងផងដែរ។

នៅឯផ្ទះសិប្បករ Bay Muon នំប្រជាប្រិយគ្រប់ប្រភេទគឺសុទ្ធតែបានធ្វើដោយដៃ ដោយប្រើគ្រឿងផ្សំយកពីធម្មជាតិទាំងស្រុង។ ឧបករណ៍ធ្វើនំ ពីម៉ាស៊ីនកិនម្សៅ ទៅពុម្ភធ្វើនំ ក៏ត្រូវបានមរតកពីជំនាន់មួយទៅមួយជំនាន់ផងដែរ។ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់មហោស្រពនំប្រជាប្រិយលើកនេះ សិប្បករ Bay Muon ក៏ដូចជាសិប្បករដទៃទៀតនៅ Con Son បានរៀបចំសម្រាប់ឲ្យភ្ញៀវទេសចរ ទទួលយកបទពិសោធន៍ធ្វើនំនៅនឹងកន្លែងតែម្តង។ ភ្ញៀវទស្សនាជាច្រើនបានបង្ហាញចំណាប់អារម្មណ៍នៅពេលដែលពួកគេអាចកិនម្សៅពីត្បាល់ថ្ម ធ្វើនំជាច្រើនប្រភេទដូចជា៖ នំផ្អែម នំស្លឹកខ្នុរអញ្ជឹង។ អ្នកស្រី Dao Thi Ha អ្នកទេសចរមកពីខេត្ត Nghe An បានចែករំលែកថា៖ “នេះជាលើកទីមួយរបស់ខ្ញុំដែលបានទៅកាន់ Con Son ហើយក៏ជាលើកទីមួយរបស់ខ្ញុំដែរដែលមានបទពិសោធន៍ធ្វើនំបែបប្រជាប្រិយដែរ។ ខ្ញុំមានអារម្មណ៍ថា នេះជាការឆ្លងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ហើយខ្ញុំសង្ឃឹមថា នឹងនាំសាច់ញាតិ មិត្តភ័ក្តិរបស់ខ្ញុំមកទីនេះដើម្បីទទួលយកបទពិសោធន៍វប្បធម៌របស់ប្រជាជនភាគខាងលិចម្តង”។

ឡដុតនំហយ Ut Dzach នៅឃុំ Nhon Ai ស្រុក Phong Dien ក៏ជាកន្លែងទាក់ទាញ និងដកបទពិសោធន៍នៃការដុតនំបែបប្រជាប្រិយនៅទីក្រុង Can Tho ផងដែរ។ អ្វីដែលធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលគឺប្រហែលជាភាពល្អិតល្អន់របស់សិប្បករក្នុងចលនានីមួយៗដើម្បីធ្វើនំហយ រាងអង្រឹងនីមួយៗ។ រឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺនៅពេលដែលភ្ញៀវទេសចរណ៍បានជួបប្រទះ និងរីករាយជាមួយនឹងរសជាតិដ៏អស្ចារ្យនៃប្រភេទនំនីមួយៗ។ លោក Nguyen Van Quang អ្នកទេសចរមកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “ពេលខ្ញុំធ្វើបាននំបែបនេះ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំមិនដែលធ្វើនំពីមុនមកទេ ខ្ញុំធ្លាប់តែទិញឬឲ្យអ្នកផ្សេងធ្វើនំឲ្យខ្ញុំពិសារប៉ុណ្ណោះ។ ខ្ញុំមានអារម្មណ៍ថា មានចំណុចពិសេសមួយ គឺថាសិប្បករធ្វើនំ ដៃរបស់ពួកគេអាចបត់បែនបានក្នុងការបង្កើតសំណាញ់ ខ្ញុំមានអារម្មណ៍ចាប់អារម្មណ៍ និងទាក់ទាញយ៉ាងខ្លាំង”។

ក្រៅពីកន្លែងទទួលបទពិសោធន៍ជាមួយអ្នកធ្វើនំជំនាញ ថ្មីៗនេះនៅលើផែនទីទេសចរណ៍នៃទីក្រុង Can Tho ក៏មានហាងអាហារប៊ូហ្វេនំប្រជាប្រិយមួយឈ្មោះថា "AZ Banh" ដែលមានទីតាំងនៅផ្លូវ Tran Vinh Kiet ក្នុងសង្កាត់ An Binh ស្រុក Ninh Kieu នៃក្រុមយុវជនមួយក្រុមផងដែរ។ ជាមួយនឹងចំណង់ចំណូលចិត្តចំពោះនំប្រជាប្រិយ ក្រុមយុវជនបាន “ប្រែក្លាយ” នំប្រជាប្រិយជាង ២០ប្រភេទ ជាមួយនឹងស្រទាប់កម្សៅ "ថ្មី" ដើម្បីបង្ហាញពីប្រភេទនំពោរពេញទៅដោយលក្ខណៈទំនើប និងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវ។

លើកតម្កើងតម្លៃម្ហូបអាហារប្រជាប្រិយប្រចាំតំបន់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍នៅ Can Tho - ảnh 2ភ្ញៀវទេសចររីករាយជាមួយនំប្រជាប្រិយនៅហាង "AZ Banh" ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho (រូបថត៖ VOV)

ថ្វីត្បិតតែនំត្រូវបានច្នៃប្រឌិតនិងមានពណ៌ចម្រុះក៏ដោយ ប៉ុន្តែនំទាំងអស់សុទ្ធតែបានធ្វើពីគ្រឿងផ្សំធម្មជាតិដូចជា ផ្កាពណ៌ខៀវ ផ្លែ Gac ស្លឹកមានពណ៌ ជាដើម ដូច្នេះ នំនៅតែរក្សានូវរសជាតិនិងពណ៌ធម្មជាតិ។ សមាជិកនៃហាង “AZ Banh” បានឲ្យដឹងថា “AZ Banh” ក៏បានសហការជាមួយមន្ទីរវប្បធម៌និងព័ត៌មានខ័ណ្ឌ Ninh Kieu បានចូលរួមពិធីបុណ្យនំប្រជាប្រិយប្រចាំតំបន់ភាគខាងត្បូងលើកទី ៩ និងចូលរួមកម្មវិធីប្រកួតប្រជែងនំប្រជាប្រិយប្រចាំតំបន់ភាគខាងត្បូងក្នុងក្របខ័ណ្ឌនៃមហោស្រព។ ការចូលរួមក្នុងមហោស្រពនំប្រជាប្រិយប្រចាំតំបន់នេះ គឺជាមោទនភាពនិងទំនួលខុសត្រូវរបស់យុវជនក្នុងការថែរក្សានិងលើកតម្កើងភាពស្រស់ស្អាតនៃមុខម្ហូបប្រប្រិយប្រចាំតំបន់។

បច្ចុប្បន្ននេះ ភូមិប្រកបមុខរបរធ្វើនំប្រជាប្រិយ កំពុងផ្សព្វផ្សាយទំនាក់ទំនងជាមួយក្រុមហ៊ុនទេសចរណ៍ទាំងក្នុងនិងក្រៅទីក្រុង ដើម្បីបង្កើតដំណើរទេសចរណ៍ទាក់ទងនឹងនំប្រជាប្រិយ។ ជាពិសេស នៅតាមទីតាំងបែបផ្ទះសួនច្បារ ទេសចរណ៍អេកូទេសចរណ៍ និងភូមិសិប្បកម្មមួយចំនួន មានកម្មវិធីអញ្ជើញភ្ញៀវមកទស្សនា ទទួលយកបទពិសោធន៍ សាកល្បងធ្វើនិងរីករាយជាមួយនំប្រពៃណីជាមួយសិប្បករ។ អ្នកស្រី Huynh Thi My ម្ចាស់សួនអេកូឡូស៊ី ហាងនំហយរាងអង្រឹង Ut Dzach នៅឃុំ Nhon Ai ស្រុក Phong Dien បានចែករំលែកថា៖ “ខ្ញុំបានសម្រាកពីការងារក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតពេញមួយឆ្នាំ ហើយឥឡូវនេះខ្ញុំត្រឡប់មកធ្វើការវិញហើយ។ នំនេះពិតជាពិបាកធ្វើណាស់ ព្រោះធ្វើដោយដៃ មិនសូវមានអ្នកចង់ធ្វើទេ អាជីពខ្ញុំជាវិជ្ជាជីវៈប្រពៃណី ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ ខ្ញុំរក្សាការងាររបស់ខ្ញុំ ដើម្បីកុំឱ្យវាត្រូវសាបសូន្យនៅពេលក្រោយ។ ភ្ញៀវដែលមានបំណងចង់ញ៉ាំនំ ឬមកលេងត្រូវបានស្វាគមន៍យ៉ាងកកក្តៅជានិច្ច”។

មហោស្រពនំប្រជាប្រិយប្រចាំតំបន់ភាគខាងត្បូងលើកទី ៩ មានតូបលក់នំប្រជាប្រិយប្រមាណ ២០០ រួមទាំងផលិតផល OCOP ម្ហូបបែបទំនើប ម្ហូបប្រចាំតំបន់...។ វត្តមានរបស់សិប្បករ និងក្រុមយុវជនបានចូលរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងតម្លៃនៃវប្បធម៌ធ្វើម្ហូបអាហារ ជាពិសេសនំប្រជាប្រិយប្រចាំតំបន់ភាគខាងត្បូងនិយាយរួម និងនៅទីក្រុង Can Tho និយាយដោយឡែក។ តាមរយៈពិធីបុណ្យនេះ អាជ្ញាធរតំបន់ក៏បានលើកទឹកចិត្តដល់ការច្នៃប្រឌិតរបស់អ្នកធ្វើនំប្រជាប្រិយ តភ្ជាប់ជាមួយអាជីវកម្មក្នុងស្រុកនិងបរទេស ដើម្បីពង្រីកទីផ្សារ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មគ្មានផ្សែងរបស់ Can Tho៕

ប្រតិកម្មទៅវិញ