ចាប់ផ្តើមអាជីវកម្មពីការបន្តក្តីសុបិនពណ៌បៃតង

Chia sẻ

(VOVWORLD) -  បច្ចុប្បន្ននេះ នៅពេលដែលមនុស្សគ្រប់រូបកំពុងមានទម្លាប់ប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយមានផ្ទះឆ្លាតវៃ មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ ប៉ុន្តែមានគ្រូបង្រៀនវ័យក្មេងម្នាក់ នៅខេត្ត Long An បានបោះបង់ ចោលជីវភាពទំនើបនេះ ដើម្បីស្វែងរកតម្លៃសាមញ្ញពីធម្ម ជាតិ ពីប្រព័ន្ធអេកូឡូស៊ីនៃស្រុកកំណើត។ នោះគឺលោកគ្រូ Tran Minh Tien ។ លោកបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ជាមួយនឹងក្តីសុបិន្ត ចង់ជំនួសថង់និងបំពង់បឺតប្លាស្ទិច ដោយផលិតផលពីសំបកដើមឈើនិងបើកឱកាសការងារសម្រាប់មនុស្សនៅជុំវិញលោកតែម្តង។

ចាប់ផ្តើមអាជីវកម្មពីការបន្តក្តីសុបិនពណ៌បៃតង - ảnh 1 លោក Tien កំពង់ហាលផលិតផលជាបំពង់បឺតធ្វើពីប្ញស្ស៊ីពក

លោក Tran Minh Tien មានអាយុ ៣២ ឆ្នាំ ដែលបានប្រសូត្រនិងធំដឹងក្តីនៅស្រុក Duc Hue  (ខេត្ត Long An)។ បន្ទាប់ពីបញ្ចប់ការសិក្សា ផ្នែកបច្ចេកវិទ្យា នៃមហា វិទ្យាល័យគរុកោសល្យ នៃខេត្ត Vinh Long លោកបានវិលត្រលប់មកស្រុកកំណើតរបស់ខ្លួនវិញនៅ ខេត្ត Tay Ninh ដើម្បីបន្តអាជីពជាគ្រូបង្រៀន។ ក្រោយរយៈពេល ៥ ឆ្នាំ បំពេញការងារជាគ្រូបង្រៀនមក លោកបានសម្រេចចិត្ត វិលត្រលប់ទៅខេត្ត Long An វិញដោយចាប់ផ្តើមការងារពីវត្ថុធាតុដើមដោយធម្មជាតិប្រទានឲ្យ។ លោក Minh Tien បានចែករំលែកថា: “ក្រោយពេលដែលខ្ញុំបានផលិតផលិតផលកែច្នៃឡើងវិញ ខ្ញុំបានឃើញថា ផលិតផលកែច្នៃឡើងវិញ ដែលមិនអាចដោះស្រាយបញ្ហាឱ្យបានម៉ត់ចត់ ហេតុដូច្នេះ ខ្ញុំបានចាប់ផ្ដើមបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅរកផលិតផលិតផលមានប្រភពវត្ថុធាតុដើមពីធម្មជាតិ ពីព្រោះ ប្រដាប់ប្រដាធ្វើពីធម្មជាតិនោះ បន្ទាប់ពីអ្នកបញ្ចប់ការប្រើប្រាស់វា អ្នកមិនខ្វល់អំពីការកែច្នៃទៀតទេ វានឹងរលាយដោយខ្លួនឯង”។

យោងតាមលោក Tran Minh Tien ថា ការស្វែងរកផលិតផលពីធម្មជាតិ គឺលោកត្រឹមតែចង់បង្កើតការងារធ្វើនិងប្រាក់ចំណូលសម្រាប់ខ្លួនលោកផ្ទាល់ និងស្វែងរកដំណោះស្រាយដើម្បីការពារបរិស្ថានរស់នៅផងដែរ។

ដំបូងឡើយ លោក Tien បានអនុវត្តន៍ការធ្វើបំពង់បឺតដោយបំពង់ឫស្សីពក ដោយ សារតែ លោក Tien ចង់បង្កើតការងារនិងរកប្រាក់ចំណូលផ្ទាល់ខ្លួនពីអ្វីដែលមានស្រាប់នៅក្នុងស្រុក។ ហេតុដូច្នេះ ជារៀងរាល់ព្រឹក លោក Tien បានដើរគ្រប់កន្លែង ដើម្បីស្វែងរកគុម្ភឫស្សីពក ដោយជ្រើសយកឫស្សីពកសមស្របដើម្បីធ្វើជាវត្ថុធាតុដើម។ នៅពេលយប់លោក Tien បានផ្តោតការយកចិត្តទុកដាក់លើបណ្តាគេហទំព័របរទេស ដើម្បីរៀនពីរបៀបធ្វើបំពង់បឺតពីឬស្សីពក។ ចំណាយអស់រយៈពេលជាងមួយខែ ក៏ដល់ថ្ងៃដែលលោក Tien បានកាន់ទៅដៃនូវផលិតផលដំបូងរបស់ខ្លួន។ លោក Tien បានសំណេះសំណាលថា៖ “នៅតំបន់ជនបទ ការប្រើឫស្សីពកជំនួសឫស្សីពីព្រោះវាសម្បូរនៅក្នុងតំបន់របស់ខ្លួន។ ដើម្បីធ្វើបំពង់បឺតបាននោះ យើងត្រូវជ្រើសរើសដើមឫស្សីពកក្រហមពីអាយុ ៥ ទៅ ៦ ឆ្នាំ ។ ចំពោះដើម ឫស្សីពកស្ថិតនៅកណ្តាលគុម្ភ យើងមិនប្រើកាំបិតដើម្បីកាត់វាទេគឺប្រើដែកដាប់ដើម្បីកាប់វា។ នៅ ពេលដែលឫស្សីពកត្រូវបានយកមក យើងនឹងសម្អាតវាដោយដៃទាំងស្រុង។ ដើម្បីធានាបាននូវការរីកលូសលាស់របស់ឫស្សីពក យើងត្រូវទៅកាប់វានាពេលយប់ ហើយកុំប៉ះនឹងថ្ងៃដែលព្រះចន្ទពេញលេញ ពីព្រោះក្នុងថ្ងៃនោះឫស្សីនិងឫស្សីពកងាយនឹងកណ្តៀរស៊ី”។

បន្ទាប់ពីបានធ្វើបំពង់បឺតពីឫស្សីពកប្រកបដោយជោគជ័យ លោក Tien បានងាកទៅរកគំនិតច្នៃប្រឌិតថ្មី ដោយប្រើស្មៅមួយប្រភេទឈ្មោះ Lepironia Articulata ដែល ហៅជាភាសាវៀតណាមថា «Co bang»។ លោក Tran Minh Tien បានពន្យល់ពីរបៀបដែលស្មៅប្រភេទនេះមានប្រហោងធំពិសេសជាងស្មៅដទៃ ដែលជាមូលហេតុវាអាចធ្វើជាបំពង់បឺត និងជាផ្នែកមួយដើម្បីកាត់បន្ថយសំរាមផ្លាស្ទីក។ លោកបានបន្ថែមថា ស្មៅដែលលោកប្រមូលបាន គេនឹងកាត់វាប្រវែង ២០សង់ទីម៉ែត្រ ស្មើៗគ្នា បន្ទាប់មកគេប្រើប្រាស់ដែកម៉្យាងដើម្បីសកចូល ហើយសម្អាតផ្នែកខាងក្នុង។ បំពង់បឺតនេះមាន ២ ជម្រើស គឺស្ងួត និងនៅស្រស់ ហើយពួកវានឹងត្រូវខ្ចប់ដោយស្លឹកចេកនៅ ពេលយកទៅបោះដុំចែកចាយ។

ចាប់ផ្តើមអាជីវកម្មពីការបន្តក្តីសុបិនពណ៌បៃតង - ảnh 2 ផលិតផលជាបំពង់បឺតរបស់លោក Tien មានវត្តមាននៅទូទាំងប្រទេស

ជោគជ័យដំបូងពីផលិតផលធម្មជាតិ ពោលគឺ បំពង់បឺតធ្វើពីប្ញសក្ស៊ីពកនិងស្មៅ “co bang” ឥឡូវនេះ លោក Tien បានអភិវឌ្ឍទៅជាហាង 3T។ ហើយមិនត្រឹមតែមានផលិតផលបំពង់បឺតពីឫស្សីពកនិងស្មៅ “co bang” ប៉ុណ្ណោះទេ ហាង 3T របស់លោក Tien ក៏មានផលិតផលធម្មជាតិជាច្រើនផ្សេងទៀត ដែលត្រូវពេញនិយមនៅលើទីផ្សារក្នុងស្រុក ដូចជាថង់និងកន្ទេលធ្វើពី ស្មៅ co bang ជាដើម។ ចែករំលែកអំពីគុណសម្បត្តិនៃផលិតផលធម្មជាតិ មិត្ត Tran Thi Thuy Vinh បុគ្គលិកម្នាក់នៃហាង 3T បានចែករំលែកថា៖ “ការធ្វើឲ្យផលិតផលធម្មជាតិពិតជាមានសុវត្ថិភាពនិងមិន ប៉ះពាល់ដល់បរិស្ថានគឺល្អណាស់។ ផលិតផលដែលលក់នៅហាង 3T គឺចង់បង្ហាញ ថា ស្រឡាញ់អ្វីៗទាំងអស់ដែលធម្មជាតិផ្តល់ជូនមនុស្ស។ ពីផលិតផលរបស់លោក Tien ខ្ញុំសង្ឃឹមថា មនុស្សយើងគ្រប់រូបនឹងប្រើប្រាស់ផលិតផលដែលមានលក្ខណៈស្និទ្ធស្នាលជាមួយបរិស្ថាន ដែលអាចធ្វើទៅបាន។ គួរស្វែងយល់អំពីអ្វីៗដែលជាអំណោយរបស់ធម្មជាតិ”។

បច្ចុប្បន្ននេះ ហាង 3T មានសកម្មភាពស្ថិរភាព ដោយអាចលក់បានផលិតផលជាបំពង់បឺតនិងផលិតផលផ្សេងៗជាង ៣០០០  ជារៀងរាល់ថ្ងៃ សម្រាប់ភោជនីយដ្ឋានជាច្រើនទូទាំងប្រទេស។ ហាង 3T នៅស្រុក Duc Hue ខេត្ត Long An បាននាំមកនូវការងារសម្រាប់មនុស្ស ១០ នាក់ ដោយប្រាក់ចំណូលប្រចាំខែទទួលបានប្រហែលពី ៣ ទៅ ៥ លានម្នាក់ផងដែរ។

ដោយគំនិតធ្វើអាជីវកម្មពីវត្ថុធាតុដើមធម្មជាតិ របស់លោក Tran Minh Tien នោះ ក្រៅពីបានរួមចំណែកក្នុងការនាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារមក  ថែមទាំងបានបង្ហាញពីអត្ថន័យមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ការពារសុខភាពមនុស្ស កាត់បន្ថយកាកសំណល់និងការពារបរិស្ថាន។ នេះត្រូវបានចាត់ទុកថាជា "ការផ្តល់យោបល់" ដ៏អស្ចារ្យមួយ សម្រាប់មនុស្សវ័យក្មេង ដែលកំពុងស្វែងរកគំនិតចាប់ផ្តើមអាជីវកម្មដើម្បីបំពេញនូវចំណង់ចំណូលចិត្តច្នៃប្រឌិតរបស់ខ្លួនលើវិធីនៃការបង្កើតអាជីព៕

ប្រតិកម្មទៅវិញ