Binh Thuan អភិវឌ្ឍន៍ទេសចរណ៍កសិកម្ម

Chia sẻ

(VOVWORLD) -  ខេត្ត Binh Thuan ជាគោលដៅគួរឲ្យចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ ដោយសារខេត្តមានរមណីយដ្ឋានសម្រាកលំហែកាយតាមឆ្នេរសមុទ្រនិងមានទីតាំងវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនកន្លែង។ មិនត្រឹមតែប៉ុណ្ណោះ ខេត្ត Binh Thuan ក៏មានសក្តានុពលសម្រាប់ទេសចរណ៍កសិកម្ម ដែលផ្សាភ្ជាប់នឹងដើម ឈើហូបផ្លែប្រចាំតំបន់ ដូចជា ទំពាំងបាយជូរ ផ្លែប៉ោមនិងដំណាំទៀតផង។ ប្រសិនបើសក្តានុពលទាំងនេះត្រូវបានធ្វើអាជីវកម្ម ទំនងជាវិស័យទេសចរណ៍កសិកម្មនឹងមានការអភិវឌ្ឍ ដែលរួមចំណែកបង្កើនតម្លៃផលិតផលកសិកម្មសម្រាប់កសិករជាពុំខាន។

Binh Thuan អភិវឌ្ឍន៍ទេសចរណ៍កសិកម្ម - ảnh 1ភ្ញៀវទេសចរទស្សនាចំការស្រការនាគ

Binh Thuan គឺជាខេត្តមួយស្ថិតតាមមាត់សមុទ្រភាគកណ្តាលប៉ែកខាងត្បូងវៀតណាម។ នេះគឺជាតំបន់ដែលមានផ្ទៃដីដាំដើមស្រការនាគធំបំផុតនៅក្នុងប្រទេស។ ក្រៅពីនោះ ខេត្ត Binh Thuan ក៏ដាំផ្លែឈើជាច្រើនមុខទៀត ដូចជាដើមផ្លែប៉ោម ទំពាំងបាយជូរ និងដើមធូរេនក្នុងទ្រង់ទ្រាយធំ។

នៅឃុំ Ham Minh  ស្រុក Ham Thuan Long ដែលជាកន្លែងសម្បូរទៅដោយផ្លែឈើស្រការនាគនោះ គ្រួសារលោក Nguyen Thanh Truc មានផ្ទៃដី ៤ ហិកតាសម្រាប់ដាំស្រការនាគផងដែរ។ គ្រួសាររបស់លោកបានដាំផ្លាស់គ្នាក្នុងចំការស្រការនាគ ដើមឈើហូបផ្លែមួយចំនួនទៀត ដូចជាក្រូចថ្លុងបៃតង ដូង ខ្នុរ និងស្វាយជាដើម។ ចំការរបស់គ្រួសារលោក Truc បានក្លាយជាទិសដៅមកទស្សនាសម្រាប់មិត្តភក្តិនិងសាច់ញាតិនៅចុងសប្តាហ៍ម្តងៗ។ ដោយឃើញអ្នកមកទស្សនាកាន់តែច្រើន លោក Truc បំផុសគំនិត ធ្វើទេសចរណ៍តាមចំការ។ ក្រៅពីនោះ ក្រុមគ្រួសាររបស់លោកបានបើកសេវាកម្មស្ទួចត្រីកំសាន្ត ជួសជុលស្រះផ្កាឈូក បង្កើតទិដ្ឋភាពតូចៗមានលក្ខណៈស្រុកស្រែសម្រាប់ភ្ញៀវថតរូប។ លោក Nguyen Thanh Truc បានឲ្យដឹងថែមទៀតថា៖ “ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក ដោយសារការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ តាមនោះមិនសូវមានភ្ញៀវមកទស្សនាឡើយ។  យ៉ាងណាមិញ មានតែអ្នកទេសចរក្នុងស្រុកតែប៉ុណ្ណោះ ពេលខ្លះមានភ្ញៀវនៅទីក្រុងក៏មកលេងទស្សនាគំរូដាំដូង ដាំក្រូចថ្លុងដែរ។ ហើយនៅស្រុក Ham Thuan Nam នេះ មានតែក្រុមគ្រួសារខ្ញុំប៉ុណ្ណោះ បានផ្លាស់ប្តូរពីគំរូដាំដើមស្រការនាគទៅដាំដើមដូងនិងក្រូចថ្លុងវិញ។  ចំនួនអ្នកទេសចរភាគច្រើនមកលេងនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ”។

ភ្ញៀវទេសចរមកទស្សនាផ្ទះចំការ នៅខេត្ត Binh Thuan Nam ទទួលបានបទពិសោធន៍ជាក់ស្តែង ពីការថែទាំ ការប្រមូលផលនិងការកែច្នៃផលិតផលផ្លែឈើស្រការនាគផង នឹងបានពិសារទឹកផ្លែឈើស្រការនាគ និងម្ហូបច្រើនមុខធ្វើពីផ្លែស្រការនាគផងដែរុ។ លោកស្រី Nguyen Thi Kim Thoa មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងពេលបានចូលចំការបេះផ្លែក្រូចថ្លុងនិងយកផ្លែដូងនៅផ្ទះចំការរបស់លោក Nguyen Thanh Truc៖ “នេះជាលើកទីមួយដែលខ្ញុំបានទៅលេងគំរូផ្ទះចំការ ហើយខ្យល់អាកាសនៅទីនេះត្រជាក់ស្រួលណាស់ ផ្លែឈើក៏ឆ្ងាញ់ទៀត។ ម្ចាស់ចំការមានភាពរាក់ទាក់និងរួសរាយណាស់។ ខ្ញុំបានទស្សនាមួយជុំវិញចំការ ខ្ញុំគិតថាផ្ទះចំការនេះនឹងទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ”។

ក្រៅពីស្រុក Ham Thuan Nam ស្រុកផ្សេងទៀតក្នុងខេត្ត Binh Thuan ក៏មានដំណាំប្រចាំតំបន់របស់ខ្លួន ដូចជា ផ្លែប៉ោម ទំពាំងបាយជូរ និងធូរេនជាដើម។ លោក Ho Cong Tien ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Tuy Phong បានឲ្យដឹងថា៖ “សម្រាប់ផលិតផលកសិកម្មវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្រុក Tuy Phong បានប្តេជ្ញាផ្តោតការយកចិត្តទុកដាក់លើការដាំដើម ទំពាំងបាយជូរពណ៌លឿង ផ្លែប៉ោម ម្ទេស ក្រូចឆ្មានិងចេក។ ស្រុកកំណត់ថា ផលិតផលកសិកម្មទាំងអស់នេះសម្រាប់បម្រើភ្ញៀវទេសចរផងដែរ”។

មានការផ្តល់យោបល់វិជ្ជមានជាច្រើនលើវិស័យទេសចរណ៍ចម្ការផ្លែឈើនៅខេត្ត Binh Thuan ផងដែរ។ ទោះយ៉ាងណាក៏ដោយ សក្តានុពលសម្រាប់ទេសចរណ៍កសិកម្មនៅទីនេះត្រូវបានវាយតម្លៃថា នៅតែមានទំហំធំនៅឡើយ ដែលត្រូវការការវិនិយោគនិងធ្វើអាជីវកម្មបន្ថែមទៀត។ លោក Vo Xuan Nghia នាយកមជ្ឈមណ្ឌលព័ត៌មានជំរុញទេសចរណ៍ Binh Thuan បានចាត់ទុកថា៖ “ទេសចរណ៍កសិកម្មមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ទេសចរណ៍នៅខេត្ត Binh Thuan។ យើងខ្ញុំបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក៏ដូចជាណែនាំដល់ក្រុមហ៊ុនទេសចរណ៍។ បច្ចុប្បន្ននេះ ផ្ទះចំការក៏មានភ្ញៀវដែលធ្លាប់ស្គាល់មកទស្សនាដែរ។ សង្ឃឹមថា នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ឆ្លងផុត  ទីផ្សារទេសចរណ៍ Binh Thuan នឹងមានសកម្មភាពឡើងវិញ។ ផ្ទះចំការគឺជាកន្លែងទាក់ទាញថ្មីមួយដែលរួមចំណែកដល់ការធ្វើពិពិធកម្មនិងធ្វើឲ្យសម្បូរបែបផលិតផលទេសចរណ៍នៅខេត្ត Binh Thuan ផងដែរ”។

បច្ចុប្បន្ននេះ ខេត្ត Binh Thuan មានដំណាំហូបផ្លែគ្រប់ប្រភេទ ប្រមាណ ៤៤.៣០០ ហិកតា។ យ៉ាងណាមិញ ផ្ទះចំការអាចដំណាំហូបផ្លែផងនិងធ្វើអាជីវកម្មទេសចរណ៍ផង។ នៅពេលដែលបានរៀបចំផែនការត្រឹមត្រូវ និងភ្ជាប់យ៉ាងជិតស្និទ្ធរវាងអ្នកថែចំការរវាងអ្នកមើលថែចំការ ពោលគឺ ម្ចាស់ចំការអាចស្វាគមន៍ភ្ញៀវទេសចរពេញមួយឆ្នាំក៏បានដែរ៕

ប្រតិកម្មទៅវិញ