ទស្សនា “អាស័យដ្ឋានក្រហម” នៅទីក្រុងហូជីមិញ

Chia sẻ

(VOVWORLD) -  ក្នុងប៉ុន្មានថ្ងៃនេះ រួមជាមួយប្រទេសជាតិទាំងមូល ទីក្រុង ហូជីមិញកំពុងរៀបចំនូវសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៤៥ នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២០)។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើននាក់ និងប្រជាជនទីក្រុងបានធ្វើដំណើរទៅទស្សនា  “អាស័យដ្ឋានក្រហម” មួយចំនួនដែលភ្ជាប់ជាមួយប្រពៃណីបដិវត្តរបស់ទីក្រុង បំពាក់ឈ្មោះលោកប្រធានហូជីមិញ ដូចជាវិមានឯករាជ្យ កំពង់ផែ Nha Rong  និងផ្លូវរូងក្រោមដី  Cu Chi ជាដើម ដើម្បីរួមគ្នា រំលឹកឡើងវិញនូវប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ប្រទេសជាតិ និងតបស្នងសងគុណចំពោះអ្នកដែលបានពលីកម្មដើម្បីឯករាជ្យនិងសេរីភាពជូនមាតុភូមិ។

ទស្សនា “អាស័យដ្ឋានក្រហម” នៅទីក្រុងហូជីមិញ - ảnh 1 វិមានឯករាជ្យ (Dinh Doc Lap)

មកទស្សនាទីក្រុងហូជីមិញ ប្រសិនបើអ្នកមិនបានទៅទស្សនាវិមានឯករាជ្យ (Dinh Doc Lap) ដែលត្រូវបានគេស្គាល់ថាជាវិមានឯកភាព (Dinh Thong Nhat) នឹងជាការខកខានដ៏ធំមួយ ពីព្រោះកន្លែងនេះត្រូវបានគេស្គាល់ថាជាកន្លែងប្រវត្តិសាស្ត្រមួយក្នុងអំឡុងពេលនៃសង្គ្រាមវៀតណាម។  វិមានឯករាជ្យមានអាស័យដ្ឋាននៅផ្ទះ ១០៦  ផ្លូវ Nguyen Du សង្កាត់ទី ១ នៃទីក្រុងហូជីមិញ ដែលមានផ្ទៃដី ១៨ ហិកតា។

នៅគងវង្សតាំងពីសម័យអាណានិគមបារាំង រហូតដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ អគារនេះបានឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន។ នៅថ្ងៃទី ២៣ ខែកុម្ភះឆ្នាំ ១៨៦៨ អភិបាលវៀតណាមខាងត្បូង (ណាមគី) លោក Lagrandiere បានចាប់ផ្តើមសាងសង់វិមានអភិបាលក្រុងណាមគីថ្មី ដែលមានឈ្មោះថាវិមាននរោត្តម (ឈ្មោះដំបូងនៃវិមានឯកភាព) ហើយត្រូវបានសាងសង់ឡើងតាមការរចនារបស់ស្ថាបត្យករ Hermite។ នៅថ្ងៃទី ៩ ខែមីនាឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើរដ្ឋប្រហារបារាំង ហើយទីស្តីការធ្លាប់កាន់កាប់ដោយបារាំង បានក្លាយទៅជាកន្លែងកាន់កាប់របស់ជប៉ុនដែលគ្រប់គ្រងខេត្តទាំង៦នៃភាគខាងត្បូង។ នៅឆ្នាំ ១៩៥៤ បារាំងបានដកទ័ពចេញពី វៀតណាម ហើយវិមាននរោត្តមត្រូវបានគេស្គាល់ថាជាវិមានប្រធានាធិបតី។ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមិនបានជោគជ័យនៅឆ្នាំ ១៩៦២ វិមាននរោត្តមត្រូវរងការខូចខាតយ៉ាងខ្លាំងនិងត្រូវបានកសាងឡើងវិញទាំងស្រុង ជាមួយនឹងការរចនារបស់ស្ថាបត្យករ  លោក Ngo Viet Thu។ គម្រោងវិមានឯករាជ្យ ត្រូវបានចាប់ផ្តើមសាងសងនៅឆ្នាំដដែល ប៉ុន្តែប្រធានាធិបតីនៃវៀតណាមខាងត្បូងកាលនោះ លោក Ngo Dinh Diem ត្រូវបានធ្វើឃាតនៅថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ១៩៦៣  ហេតុដូច្នេះ រហូតដល់ឆ្នាំ ១៩៦៦ វិមាននេះទើបបានសម្ពោធបើកឲ្យដំណើរការ។

នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ ជាពេលវេលាដែលរថក្រោះរបស់កងទ័ពប្រជាជនវៀតណាម បុកកម្ទេចទ្វាររបៀងនៃវិមានឯករាជ្យដោយបញ្ជាក់ពីជ័យជំនះចុងក្រោយ ពោលគឺ វៀតណាមខាងត្បូងត្រូវបានរំដោះ ប្រទេសជាតិបានឯកភាពទាំងស្រុង  ហើយឈ្មោះវិមានឯករាជ្យ ត្រូវបានប្តូរទៅជាសាលប្រជុំឯកភាព ក្នុងឆ្នាំដដែលនេះតែម្តង។ វិមានឯករាជ្យ ត្រូវបានទទួលស្គាល់ថាជាវិមានប្រវត្តិសាស្ត្រ - វប្បធម៌ក្នុងឆ្នាំ ១៩៧៦ និងដល់ឆ្នាំ ២០០៩ ត្រូវបាន ទទួលស្គាល់ថាជាបេតិកភណ្ឌជាតិពិសេស។ លោកស្រី Nguyen Hoang  ភ្ញៀវទេសចរមួយរូប មកពីទីក្រុងហាណូយបានចែករំលែកថា៖  “ខ្សែរភាពយន្តឯកសារអំពីពេលវេលាដែលរថក្រោះ បានបុកកម្ទេចទ្វាររបៀង នៃវិមានឯករាជ្យ នៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ បានធ្វើឲ្យខ្ញុំនិងក្រុមគ្រួសារខ្ញុំមានអារម្មណ៍ថា ចង់ទៅទស្សនាទីក្រុងហូជីមិញដើម្បីទៅមើលផ្ទាល់ភ្នែកកន្លែងប្រវត្តិសាស្ត្រនេះ។  ពេលមកដល់ ខ្ញុំមានអារម្មណ៍ដូចជា ខ្លួនកំពុងរស់នៅនាគ្រាសដ៏រុងរឿងគួរឲ្យមោទនៈរបស់ប្រជាជនកាលនោះ។ វាពិតជាគួរអោយចាប់អារម្មណ៍ណាស់។ ហើយនេះក៏ជាឱកាសមួយសម្រាប់ខ្ញុំនិងក្រុមគ្រួសារ ស្វែងយល់កាន់តែច្បាស់អំពីជ័យជំនះ ៣០ មេសា និងការលះបង់របស់មនុស្សជំនាន់មុន ចំពោះឯករាជ្យភាពនិងសេរីភាពរបស់ប្រទេសជាតិ”។

ទស្សនា “អាស័យដ្ឋានក្រហម” នៅទីក្រុងហូជីមិញ - ảnh 2កំពង់ផែ Nha Rong 

នៅមិនឆ្ងាយពីវិមានឯកភាពនោះទេ កំពង់ផែ Nha Rong ដែលជាអាស័យដ្ឋានទេសចរណ៍ដ៏ល្បីល្បាញនៃទីក្រុងហូជីមិញ ដែលតែងតែទាក់ទាញភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិមកទស្សនាច្រើនកុះករ។ ដំបូងឡើយត្រឹមតែជាកំពង់ផែពាណិជ្ជកម្មដ៏ធំមួយ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៦៤ នៅតាមដងទន្លេ Sai Gon។ មានឈ្មោះថា កំពុងផែ Nha Rong ពីព្រោះអាគារនេះមានស្ថាបត្យកម្មលោកខាងលិច ប៉ុន្តែនៅលើកំពូលគឺភ្ជាប់ដោយនាគពីរក្បាល។ នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ១៩១១ យុវជនម្នាក់ឈ្មោះ Nguyen Tat Thanh (គឺលោកប្រធានហូជីមិញ) បានចុះនាវា Amiral Latouche Tréville ធ្វើជាចុងភៅ ដោយមានគោលបំណងទៅកាន់អឺរ៉ុប  ជាចំណុចរបត់មួយសម្រាប់ផ្លូវរំដោះជាតិរបស់វៀតណាម។ ចាប់ពីឆ្នាំ ១៩៧៥ រហូតមកដល់បច្ចុប្បន្ន ទីស្នាក់ការនៃកំពង់ផែពាណិជ្ជកម្ម Nha Rong ត្រូវបានរដ្ឋាភិបាលវៀតណាមកសាងឡើងវិញ និងក្លាយជាតំបន់អនុស្សាវរីយ៍ហូជីមិញ ហើយនៅឆ្នាំ ១៩៩៥ តំបន់កេរ្តិ៍ដំណែលនេះត្រូវបានជួសជុលជាបន្តនិងប្តូរឈ្មោះទៅសារមន្ទីរហូជីមិញ។ បច្ចុប្បន្ននេះ សារមន្ទីរកំពុងដាក់បង្ហាញវត្ថុបុរាណជាង ២០.០០០ អំពីលោកប្រធានហូជីមិញ ជាមួយប្រធានបទ “មនោសញ្ចេតនារបស់លោកប្រធានហូជីមិញចំពោះភាគខាងត្បូងនិងមនោសញ្ចេតនារបស់ប្រជាជននៅភាគខាងត្បូងជូនចំពោះលោកប្រធានហូជីមិញ”។

ដើម្បីស្វែងយល់កាន់តែច្បាស់អំពីពីប្រវត្តិវីរភាពរបស់ទីក្រុងហូជីមិញនិងប្រទេសវៀតណាម អ្នកទេសចរមិនអាចរំលង នឹងផ្លូវរូងក្រោមដី Cu Chi បានឡើយ។ ស្ថិតនៅចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ពីទីក្រុងហូជីមិញ ផ្លូវរូងក្រោមដី Cu Chi ចំណុះភូមិ Phu My Hung និងឃុំ Nhuan Duc នៃស្រុក Cu Chi។ ផ្លូវរូងក្រោមដី Cu Chi មានប្រវែងរហូតដល់ ២៥០ គីឡូម៉ែត្រនិងត្រូវបានបង្កើតឡើងនៅចន្លោះឆ្នាំ ១៩៤៦-១៩៤៨ នៃអំឡុងពេលសង្គ្រាមតស៊ូប្រយុទ្ធប្រឆាំងនឹងបារាំង។ សព្វថ្ងៃនេះ ផ្លូវរូងក្រោមដី Cu Chi កំពុងមានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ តាមរយៈសំណង់ទំនើបជាច្រើនត្រូវបានសាងសង់បម្រើជីវភាពរស់នៅប្រជាជន។ លោក “ប្រសិនបើយើងមិនបានមកទីនេះ ពិតណាស់ថា រូបខ្ញុំផ្ទាល់និងជំនាន់យុវជនបច្ចុប្បន្ន គឺមិនអាចយល់ច្បាស់ពីការលំបាករបស់ដូនតាយើង ក្នុងការកសាងនិងការពារមាតុប្រទេស។ ខ្ញុំបានមកទីនេះ ហើយបានទស្សនាផ្លូវរូងក្រោមដី ផ្ទះ មន្ទីរពេទ្យ សុទ្ធតែនៅក្រោមដី និងមានអារម្មន៍ថា ខ្លួនកំពុងរស់នៅជាមួយជីវភាពរស់នៅរបស់ប្រជាជន Cu Chi កំឡុងពេលជាច្រើនឆ្នាំនៃការតស៊ូប្រឆាំងនឹងពួកអាណានិគម ដើម្បីទទួលឯករាជ្យភាពមកវិញជូនប្រទេសជាតិ។ នៅក្នុងក្រុមរបស់ខ្ញុំ មានមិត្តភក្តិពីរបីនាក់មកពីអឺរ៉ុប ហើយពួកគាត់មានភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងកោតសរសើរចំពោះអ្វីដែលជនជាតិវៀតណាមបានធ្វើ ដើម្បីកសាងឡើងផ្លូវរូងក្រោមដី Cu Chi នេះ”។

ក្រៅពីវិមានឯករាជ្យ  កំពង់ផែ Nha Rong ផ្លូវរូងក្រោមដី Cu Chi មក ភ្ញៀវទេសចរពេលមកទស្សនាទីក្រុងហូជីមិញអាចទស្សនាទីតាំងប្រវត្តិសាស្ត្រជាច្រើនទៀតដូចជា សារមន្ទីរសំណល់សង្រ្គាម តំបន់មូលដ្ឋានព្រៃ Sac នៅស្រុក Can Gio ជាដើម៕

ប្រតិកម្មទៅវិញ