Lang Son- ទិសដៅទេសចរណ៍គួរអោយទាក់ទាញសម្រាប់រដូវទាំង៤

Chia sẻ

(VOVWORLD) -  ខេត្ត Lang Son ដែលមានចម្ងាយប្រហែល ១៨០ គីឡូម៉ែត្រពីហាណូយ គឺជាទឹកដីសម្បូរដោយសក្តានុពលទេសចរណ៍នៅភាគឦសាននៃប្រទេស វៀតណាម។ ដោយមានបេតិកភណ្ឌប្រវត្តិសាស្រ្ត រមណីដ្ឋាន វត្តអារ៉ាម និងទីសក្ការៈបូជារាប់មិនអស់ ហេតុដូច្នេះ ពេលមកដល់ខេត្ត Lang Son អ្នកទស្សនានឹងមានជម្រើសជាច្រើនដើម្បីទស្សនានិងស្វែងយល់ផងដែរ។ លក្ខណៈសម្បូរបែបនៃវប្បធម៌របស់ជនជាតិភាគតិចនៅទីនេះ ក៏ជាលក្ខណៈពិសេសមួយដែលទាក់ ទាញភ្ញៀវទេសចរមកទស្សនាខេត្ត Lang Son នៅរដូវទាំង ៤នៃឆ្នាំផងដែរ។

Lang Son- ទិសដៅទេសចរណ៍គួរអោយទាក់ទាញសម្រាប់រដូវទាំង៤ - ảnh 1 ជ្រលងភ្នំមាសគឺជាកន្លែងដ៏គួរឱ្យទាក់ទាញមួយសម្រាប់ទស្សនាពេលមកដល់ខេត្ត Lang Son

នៅពេលមកដល់ខេត្ត Lang Son ក្រៅពីច្រកទ្វារព្រំដែន Tan Thanh និងផ្សារ Dong Kinh ដែលជាកន្លែងសម្រាប់ដើរទិញឥវ៉ាន់មក អ្នកទេស ចរអាចជ្រើសរើសកន្លែង ដែលអាចគយគន់ទេសភាព និងលំហែកាយដូចជាគុហា Nhi Thanh; បែនថ្ម Ki Cung គុហាវត្ត Tien និងអណ្ឌូង Tien; តំបន់ទេសចរណ៍ Mau Son និងគុហា Gio ជាដើម។ ក្នុងចំណោមទាំងនេះ តំបន់ទេសចរណ៍ Mau Son គឺជាអាស័យដ្ឋានគួរអោយទាក់ទាញមួយ ដែលមិនគួររំលងឡើយ។ នៅរដូវក្តៅវិញ ខ្យល់នៅទីនេះត្រជាក់ស្រួល ស្រស់ស្រាយណាស់។ ដល់ពេលរដូវរងារ មានន័យថា ដល់ពេលដែល តំបន់នេះត្រូវបានគ្របដណ្តប់ដោយព្រិលពណ៌សក្បុះ។ សម្រាប់ប្រទេសដែលមានអាកាសធាតុត្រូពិកដូចជាប្រទេសវៀតណាមនោះ គឺមិនមែនគ្រប់ទីកន្លែងសុទ្ធតែមានបាតុភូតធម្មជាតិដ៏អស្ចារ្យដូចនៅខេត្ត Lang Son នោះឡើយ។

រួមជាមួយគ្នានោះ វិហារគោពេបូជាព្រះម៉ែ Dong Dang ដែលជាកន្លែងសក្ការៈបូជាដ៏ល្បីឈ្មោះ ក្នុងជំនឿគោ រពបូជាព្រះម៉ែរបស់ប្រជាជនវៀតណាម ហើយទីនេះក៏ជាជម្រើសគួរអោយទាក់ទាញមួយសម្រាប់អ្នកទេសចរ មកទស្សនាខេត្ត Lang Son ម្តងៗ។  ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១០កើត ខែទី១ នៅវិហារព្រះម៉ែ Dong Dang តែងតែប្រព្រឹត្តទៅពិធីបុណ្យនិទាឃរដូវ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ដោយបានចូលរួមពិធីបុណ្យនៅឯវិហារព្រះម៉ែ Dong Dang ជាច្រើនលើកមកហើយ នោះ លោកស្រី Nhu Thi Hat ភ្ញៀវទេសចរ មកពីស្រុក Dong Hung ខេត្ត Thai Binh បានចែករំលែកថា៖ “ខ្ញុំឃើញថា ប្រព័ន្ធវត្តអារ៉ាមនិងរមណីដ្ឋាននៅខេត្ត Lang Son គឺសម្បូរបែបណាស់។  ខ្ញុំបានទៅទស្សនានិងគយគន់ទេសភាពនៅវត្តជាច្រើនក្នុងខេត្ត Lang Son ហើយ។ ដំបូងគឺទីសក្ការៈ Cong Dong Bac Le; ទីសក្ការៈ Chau Bat, Chau Luc;  វត្ត Tam Thanh;  វិហារគោរពបូជាព្រះម៉ែ Dong Dang ហើយជាចុងក្រោយគឺទីសក្ការៈបូជា Ky Cung”។

ស្ថិតនៅក្នុងប្រព័ន្ធនៃជំនឿគោរពបូជាព្រះម៉ែ ទីសក្ការៈបូជា  Bac Le ស្ថិតក្នុងឃុំ Tan Thanh ស្រុក Huu Lung ខេត្ត Lang Son គឺជាកន្លែងសម្រាប់គោរពបូជាព្រះម៉ែ Thuong Ngan ដែលជាទីសក្ការៈបូជាមួយក្នុងចំណោមទីសក្ការៈបូជាទាំងបី ស្ថិតក្នុងជំនឿគោរពបូជាព្រះម៉ែបីអង្គនៅប្រទេសវៀតណាម។ ពិធីបុណ្យប្រពៃណីនៃទីសក្ការៈបូជា Bac Le ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២០ ខែទី ៩ (តាមច័ន្ទគតិ) ជារៀងរាល់ឆ្នាំ។ ព្រះតេជព្រះគុណ Thich Quang Truyen សមាជិកនៃមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាមនិងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអភិបាល សមាគមព្រះពុទ្ធសាសនាវៀតណាម ខេត្ត Lang Son មានពុទ្ធដីកាថាៈ៖ “លក្ខណៈវិសេសវិសាលមួយនៅខេត្ត Lang Son គឺជាវប្បធម៌គោរពបូជាព្រះម៉ែ ជាលក្ខណៈដែលមិនថា តំបន់ណាក៏អាចអនុវត្តន៍បាននោះទេ។ នៅក្នុងឱកាសប្រព្រឹត្តទៅពិធីបុណ្យនានា ដូចជា ពិធីបុណ្យនៃទីសក្ការៈបូជា Cong Dong Bac Le ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែទី៩ តាមច័ន្ទគតិ ឬពិធីបុណ្យនាដើមនិទាឃរដូវ ដើមឆ្នាំថ្មីប្រជាជនដែលមកទស្សនាខេត្ត Lang Son ភាគច្រើនក្តី ធ្វើដំណើរកំសាន្តផង បន់ស្រន់បួងសួងសុំសេចក្តីសុខ លាភសំណាងសម្រាប់គ្រួសារផង”។

Lang Son- ទិសដៅទេសចរណ៍គួរអោយទាក់ទាញសម្រាប់រដូវទាំង៤ - ảnh 2 ទីសក្ការៈបូជាព្រះម៉ែ Dong Dang

ទន្ទឹមនឹងជំនឿគោរពបូជាព្រះម៉ែមក ប្រ ព័ន្ធវត្តអារ៉ាមនៅខេត្ត Lang Son ក៏មានភាពសំបូរបែបនិងប្លែកៗ ដែលទាក់ទាញអ្នកធ្វើធម្មយាត្រា និងអ្នកទេសចរមកគោ រពបូជាជាច្រើនកុះករ។ វត្តលេចធ្លោដូចជាវត្ត Nhat Nhi Tam Thanh និងវត្ត Thanh ជាដើម មិនត្រឹមតែទាក់ទាញចំណាប់អារម្មរបស់អ្នកទស្សនាអំពីស្ថាបត្យកម្ម ប្រព័ន្ធរូបចម្លាក់ប៉ុណ្ណោះទេ ថែមទាំងក៏មានអត្ថន័យជ្រាលជ្រៅ ទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្ត្រ និងវប្បធម៌ដែលមានពីយូរណាស់មកហើយ។ លោកស្រី Tran Thi Bich Hanh ប្រធានមជ្ឈមណ្ឌលព័ត៌មានផ្សព្វផ្សាយទេសចរណ៍ខេត្ត Lang Son បានអោយដឹងថា៖ “បច្ចុប្បន្ននេះ យើងខ្ញុំបានកសាងខ្សែទេសចរណ៍ជាច្រើន នៅតាមបណ្តោយផ្លូវជាតិលេខ ១A ហើយបានពង្រីកទៅដល់ស្រុកនានា និងផ្តោតសំខាន់លើទីក្រុង Lang Son។ នាពេលខាងមុខនេះ យើងខ្ញុំនឹងបង្កើតការផ្សាភ្ជាប់ជាមួយបណ្តាមូលដ្ឋានដែលមានប្រភេទទេសចរណ៍ព្រលឹង ដូចជានៅខេត្ត Bac Giang និង Bac Ninh ដើម្បីបង្កើតដំណើរទេសចរណ៍អន្តរខេត្ត និងដើម្បីបង្កើនផលិតផលទេសចរណ៍នៅខេត្ត Lang Son”។

រួមជាមួយតំបន់ទេសចរណ៍ខាងព្រលឹងវិញ្ញាណនិងរមណីដ្ឋានមក ភូមិសិប្បកម្មប្រពៃណីក៏ជាកត្តាដែលធ្វើឱ្យខេត្ត Lang Son ក្លាយជាគោលដៅទេសចរណ៍អេកូឡូស៊ីគួរអោយទាក់ទាញនៅភាគខាងជើងវៀតណាមផងដែរ។ មកទស្សនានិងស្វែងយល់អំពីប្រពៃណី ដែលមានជាយូរមកហើយរបស់ខេត្ត Lang Son អ្នកទេសចរមិនត្រឹមតែស្គាល់ដល់ភូមិបុរាណប៉ុណ្ណោះទេ ថែមទាំង បានចូលរួមផ្ទាល់ក្នុងជីវភាពរស់នៅរបស់កសិករ ដែលមានភាពឧស្សាហ៍ព្យាយាមនិងច្នៃប្រឌិតសម្រាប់ផលិតឡើងនូវផលិតផលសិប្បកម្មដ៏ស្រស់ស្អាតទៀតផង។

សម្រស់ស្រស់ស្អាតនៃធម្មជាតិ ក៏ដូចជាទឹកចិត្តស្មោះសររួសរាយរាក់ទាក់របស់អ្នកភូមិស្រុក រួមទាំងលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅខេត្ត Lang Son កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនា នាថ្ងៃណាមួយឃុំខានឡើយ៕

ប្រតិកម្មទៅវិញ