Buon Ma Thuot - មជ្ឈមណ្ឌលនៃតំបន់ Tay Nguyen

Chia sẻ
(VOVWORLD) - ទីក្រុង Buon Ma Thuot មានផ្ទៃដីជាង ៣៧០ គីឡូ ម៉ែត្រការ៉េ មានចំនួនប្រជាជនជាង ៥០មឺននាក់ ដែលជាជនជាតិ  Kinh, E De, K'Ho, Co Tu, Xo Dang និង Gia Rai។  នេះគឺជាទីក្រុងធំជាងគេនៅក្នុងតំបន់ Tay Nguyen  គឺជាទីក្រុងនៃតំបន់ព្រៃភ្នំ ដែលមានចំនួនប្រជាជនច្រើនជាងគេនៅប្រទេសវៀតណាម។ តាមផែនការដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ នោះ ទីក្រុង Buon Ma Thuot នៃខេត្ត Dak Lak នឹងក្លាយជាតំទីក្រុងកណ្តាលនៃតំបន់ Tay Nguyen។
Buon Ma Thuot - មជ្ឈមណ្ឌលនៃតំបន់ Tay Nguyen - ảnh 1ជ្រុងមួយនៃទីក្រុង Buon Ma Thuot (រូបថតៈ BẢO TRUNG)

ក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក (អំឡុងឆ្នាំ ២០១០-២០២០) ប្រាក់រាប់ពាន់ពាន់លានដុង ត្រូវបានវិនិយោគនៅទីក្រុង Buon Ma Thuot។ គម្រោងធំៗ ជាច្រើនត្រូវបានបញ្ចប់ ដូចជាការធ្វើឱ្យប្រសើរឡើង នូវអាកាសយានដ្ឋាន Buon Ma Thuot, ផ្លូវហូជីមិញ និងសាងសង់មន្ទីរពេទ្យពហុព្យាបាលតំបន់ Tay Nguyen ដែលបានរួមចំណែក ជំរុញការអភិវឌ្ឍទីក្រុង Buon Ma Thuot និយាយដោយឡែកនិងតំបន់ Tay Nguyen និយាយរួម ឲ្យកាន់តែខ្លាំងក្លានិងស្រស់ស្អាតថែមទៀត។ អាស្រ័យហេតុនេះ លទ្ធផលកំណើនសេដ្ឋកិច្ចជាមធ្យមរបស់ទីក្រុង Buon Ma Thuot ឈានដល់ជាង ១៣% ជារៀងរាល់ឆ្នាំ ដែលជាកម្រិតខ្ពស់បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតលើទូទាំងប្រទេស។

ទីក្រុង Buon Ma Thuot បានបង្កើតចង្កោមឧស្សាហកម្មTan An, តំបន់ឧស្សាហកម្ម Hoa Phu  សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។ គម្រោងអភិវឌ្ឍន៍ទីក្រុងជិត ៦០ ត្រូវបាននិងកំពុងអនុវត្ត ដោយមានសាលារៀន មន្ទីរពេទ្យពហុព្យាបាលនិងមន្ទីរពេទ្យឯកទេសនៃតំបន់ Tay Nguyen។ លោក Tu Thai Giang លេខានៃគណៈកម្មាធិការបក្សទីក្រុង Buon Ma Thuot បានអះអាងថា៖ “លទ្ធផលនៅក្នុងវិស័យសេដ្ឋកិច្ច-សង្គមរបស់ទីក្រុងមានលក្ខណៈទូលំទូលាយផងនិងមានចំណុចលេចធ្លោគួរអោយចាប់អារម្មណ៍ផង។ ល្បឿនកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់និងមានស្ថេរភាពបណ្តើរៗ ហើយប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗកំពុងកើនឡើងដែរ។ ជាពិសេសវិស័យឧស្សាហកម្មកំពុងពង្រីក។ ចំណែកឯវិស័យកសិកម្មវិញ រហូតមកដល់ពេលនេះ ទីក្រុងបានបញ្ចប់ដំណាក់កាលទី ១ នៃកម្មវិធីកសាងជនបទថ្មី។ ក្រៅពីនោះ ពីវិស័យពាណិជ្ជកម្មសេវាកម្មនិងទេសចរណ៍ រហូតដល់សេវាកម្មហិរញ្ញវត្ថុធនាការ ធានារ៉ាប់រង ក៏ត្រូវបានបើកទូលាយនិងលើកកម្ពស់ផងដែរ”។

នៅចំកណ្តាលទីក្រុង Buon Ma Thuot មានរូបរាងជាទីក្រុងទំនើបមួយ ដែលមានទីធ្លាសុខសាន្តត្រាន។ នោះគឺជាភូមិ Ako Dhong របស់ជនជាតិ Ede។  Ako Dhong គឺជាភូមិគំរូមួយក្នុងចំណោមភូមិគំរូចំនួន ៣ ដែលបានអនុវត្តន៍តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សទីក្រុង Buon Ma Thuot ស្តីពីការលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិតាមរយៈការធ្វើទេសចរណ៍ ហើយជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើងយ៉ាងខ្លាំង។ ព្រឹទ្ធាចារ្យ Ama Loan នៅភូមិ Ako Dhong បានអោយដឹងថា អ្វីៗ ដែលសប្បាយរីករាយបំផុតនោះគឺសេដ្ឋកិច្ចមានការអភិវឌ្ឍ ហើយប្រជាជននៅតែរក្សាបាននូវវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន៖ “ទាំងគង ឃ្មោះ ទាំងឧបករណ៍តន្ត្រីឬការត្បាញចារបាប់ អ្នកភូមិសុទ្ធតែចេះធ្វើ ហើយព្យាយាមធ្វើឲ្យបាន។ ដូចជា ពីឫស្សីផលិតឲ្យទៅជាឧបករណ៍តន្ត្រី ពីដីមួយកន្លែង ប្រែឲ្យក្លាយទៅជាចំការដាំកាហ្វេនិងដាំម្រេច ដែលធ្វើឲ្យជីវភាពរស់នៅរបស់អ្នកភូមិកាន់តែប្រសើរឡើង។ លើសពីនេះទៅទៀត រដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់តាមរយៈការធ្វើផ្លូវថ្នល់ ការកសាងសាលារៀន រួមទាំងផ្ទះសហគមន៍ទៀត គឺកាន់តែអស្ចារ្យ។ ជីវភាពរស់នៅរបស់ប្រជាជនឥឡូវត្រូវតែនិយាយថាកាន់តែល្អប្រសើរណាស់”។

ខេត្ត Dak Lak មានយន្តការពិសេសដោយឡែកក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុង  Buon Ma Thuot ដោយឈរលើមូលដ្ឋាននៃការធ្វើអាជីវកម្មនិងពង្រីកជាអតិប្បរមានូវសក្តានុពល គុណសម្បត្តិពីធម្មជាតិ តម្លៃវប្បធម៌ ប្រវត្តិសាស្រ្ត និងមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលនិងជាចំណុចប្រសព្វសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណ វៀតណាម - ឡាវ - កម្ពុជាផងដែរ។ អាស្រ័យហេតុនេះ បន្តជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ក្នុងនោះ ផ្តោតសំខាន់លើការអភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ ថាមពលស្អាត អភិវឌ្ឍន៍សេវាកម្មទេសចរណ៍បៃតង អេកូឡូស៊ី ភាពវៃឆ្លាតនិងអត្តសញ្ញាណដោយឡែកនៃតំបន់ Tay Nguyen ព្រមទាំងវិនិយោគក្នុងការសាងសង់ផ្លូវល្បឿនលឿន Buon Ma Thuot- Nha Trang (ខេត្ត Khanh Hoa),  ផ្លូវល្បឿនលឿន Buon Ma Thuot-Lien Khuong  (ខេត្ត Lam Dong) និងផ្លូវដែក Buon Ma Thuot - Tuy Hoa (ខេត្ត Phu Yen)។ លោក Bui Van Cuong លេខាគណៈកម្មាធិការបក្សខេត្ត Dak Lak បានឲ្យដឹងថា៖“នៅពេលដែលផែនការនេះត្រូវបានអនុម័ត យើងនឹងឃើញផ្ទាំងរូបភាពទូទៅ ប៉ុន្តែឥឡូវនេះ អ្វីៗដែលត្រូវធ្វើ គឺត្រូវធ្វើភ្លាម។  ឧទាហរណ៍បញ្ហាផែនការមេ ដែលបានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីសូមការអនុញ្ញាតឱ្យជួលអ្នកពិគ្រោះយោបល់បរទេស ក៏ដូចជាសូមឲ្យមជ្ឈឹម ដាក់ចូលផែនការនៃប្រព័ន្ធបណ្តាញផ្លូវល្បឿនលឿនរបស់ប្រទេសជាតិ។ បន្ទាប់មកបញ្ហាដែលទាក់ទងនឹងការអភិវឌ្ឍតំបន់មួយចំនួនត្រូវបានដាក់បញ្ចូលទៅក្នុងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ២០២១ - ២០២៥។ យើងកំពុងអនុវត្តដំណោះស្រាយជាបន្តបន្ទាប់ដើម្បីជំរុញឲ្យ Buon Ma Thuot ក្លាយជាទីក្រុងដែលសក្តិសមជាមជ្ឈមណ្ឌលតំបន់ Tay Nguyen”។

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់និងដំណោះស្រាយរឹងមាំ នាពេលខាងមុខនេះ ទីក្រុង Buon Ma Thuot ពិតជានឹងសក្តិសមក្លាយជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen។ ពិតណាស់ថា ទីក្រុង Buon Ma Thuot នឹងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ Tay Nguyên៕

ប្រតិកម្មទៅវិញ