ពិធីបុណ្យដង្ហែក្បួន “តាជ្រូក” នៅភូមិ ឡា ហ៊្វូ (La Phu)

Chia sẻ
(VOVWORLD) - វាបានក្លាយទៅជាទំនៀមទំលាប់ទៅហើយ អោយតែដល់យប់ថ្ងៃទី១៣ ខែមិកសិរជារៀង រាល់ឆ្នាំ គឺភូមិ ឡា ហ៊្វូ(La Phu) ឃុំ ឡា ហ៊្វូ ស្រុក Hoai Duc រដ្ឋធានី ហាណូយ បានរៀបចំពិធីបុណ្យដង្ហែក្បួន “តាជ្រូក”។ ពិធីបុណ្យនេះជាឱកាស ដើម្បីអោយអ្នកភូមិរំលឹកគុណូបការៈរបស់អាទិទេព Tinh Quoc Tam Lang ដែលជា ឧត្តមសេនីយ៍ទេពកោសល្យម្នាក់នៅក្នុងរាជ្យវង្សរបស់ស្ដេច Hung Due Vuong ទី៦ ដែលបានច្បាំងបរាជ័យសត្រូវឈ្លានពាន ការពារទឹកដី រក្សាអធិបតេយ្យ ភាពជាតិ។
ពិធីបុណ្យដង្ហែក្បួន “តាជ្រូក” នៅភូមិ ឡា ហ៊្វូ (La Phu) - ảnh 1 ពិធិដង្ហែក្បួន "តាជ្រូក" (រូបថត៖ VOV5)

  ភូមិ La Phu កាលពីមុននេះត្រូវបានឧត្តមសេនីយ៍ Tinh Quoc Tam Lang ជ្រើសរើសជាទីកន្លែងប្រមូលទ័ព។ តាមរឿងព្រេងដំណាលថា មុនពេលទៅច្បាំងជាមួយ ខ្មាំងសត្រូវម្ដងៗ Tinh Quoc Tam Lang បានកាប់ជ្រូក ដាំបាយដំណើប ហើយ ចែកចាយជូនកងទ័ពទាំងមូល។ អ្នកភូមិតែងតែ យកសត្វជ្រូកមកជូនកងទ័ព ហើយលើកតម្កើងឧត្តមសេនីយ៍ជា អាទិទេពភូមិ។ ឧត្តមសេនីយ៍រូបនេះបានលា ចាកលោកទៅនាវេលាម៉ោង ០០ ថ្ងៃទី១៣ ខែមិកសិរ។ ចាប់តាំងពីពេលនោះមក អោយ តែដល់ថ្ងៃនេះជារៀងរាល់ឆ្នាំ គឺអ្នកភូមិ ឡា ហ៊្វូ ជានិច្ចកាលរៀបចំពិធីបុណ្យដង្ហែក្បួន សត្វជ្រូក ដើម្បីរំលឹកគុណូបការៈរបស់អាទិទេព Tam Lang។ លោក Nguyen Phan Dich ប្រធានគណៈចាត់តាំងពិធីបុណ្យភូមិ La Phu បានថ្លែងថា៖

        “អាទិទេពភូមិខ្ញុំជាឧត្តមសេនីយ៍ដែលមានគុណូបការៈកំទេចខ្មាំងសត្រូវ មិនដែលចេះចាញ់គេនោះទេ។ ដោយក្នុងភូមិមានទីសក្ការៈបូជាចំនួន៦ ទើបយើងខ្ញុំរៀបចំសំណែនចំនួន៦ដើម្បីគោរពបូជាអាទិទេព”។

        ចាប់តាំងពីដើមឆ្នាំ សង្កាត់នីមួយៗក្នុងភូមិបានជ្រើសរើសគ្រួសារមួយដើម្បីទទួល រៀបចំគ្រឿងសំណែននិងគ្រួសារមួយទៀតដើម្បីចិញ្ចឹមសត្វជ្រូក។ គ្រួសារទាំងពីរនេះ ត្រូវតែជាគ្រួសារល្អ មានទាំងកូនប្រុសនិងកូនស្រី កូនចៅមានអាជីពប្រកបដោយ ជោគជ័យ ហើយមិនកាន់ទុក្ខក្នុងឆ្នាំនេះ ទៀត ផង។ គ្រួសារណាដែលត្រូវបាន ជ្រើសរើសគឺមានមោទនភាពខ្លាំងណាស់ ដោយសារតែគេចាត់ទុកថា ក្នុងឆ្នាំ ថ្មីនឹងជួបតែសេចក្ដីសុខ ហើយជោគសំណាងចូលក្នុងផ្ទះ។ លោក Ta Tuong Bang នៅភូមិ ឡា ហ៊្វូ បានថ្លែងថា៖

        “គ្រួសារខ្ញុំមានកិត្តិយសដោយត្រូវបានព្រឹទ្ធាចារ្យភូមិជ្រើសរើសអោយទទួល រៀបចំគ្រឿងសំណែន។ កាប់ជ្រូកហើយយកជ្រូកដាក់នៅលើគ្រែស្នែង តុបតែង ក្បាល ត្រចៀក មាត់ និងកន្ទុយជ្រូក ដោយផ្កាក្រដាស។ គ្រឿង សំណែនរួមមានគ្រែស្នែងតាជ្រូក គ្រែស្នែងបាយដំណើប និងគ្រែស្នែងផ្កានិងផ្លែ ឈើ។ យើងខ្ញុំដង្ហែក្បួនគ្រេស្នែងគ្រឿងសំណែនទាំងនោះចាប់ពីផ្ទះគ្រួសារទទួល រៀបចំចេញទៅសាលាភូមិ ហើយអមដោយក្រុមរាំម៉ុងសាយនិងក្រុមលេងតន្ត្រី”។

ពិធីបុណ្យដង្ហែក្បួន “តាជ្រូក” នៅភូមិ ឡា ហ៊្វូ (La Phu) - ảnh 2 ព្រឹទ្ធាចារ្យភូមិដំណើរការពិធីសែនក្នុងសាលាភូមិ

        ចាប់ពីខែកុម្ភៈជារៀងរាល់ឆ្នាំ បណ្ដាសង្កាត់ចាប់ផ្ដើមជ្រើសរើសសត្វជ្រូក ដើម្បីចិញ្ចឹម។ សត្វជ្រូកនោះត្រូវតែមានរូបរាងស្អាត ដោយទម្ងន់ចាប់ពី៦០ទៅ៧០ គីឡូក្រាម និងត្រូវបានថែទាំតាមបែបពិសេស។ សត្វជ្រូកនោះត្រូវបានអ្នកភូមិ គោរពហៅថា “តាជ្រូក” ហើយការចំណាយសម្រាប់ចិញ្ចឹម “តាជ្រូក” នឹងត្រូវបាន អ្នកភូមិរៃអង្គាសគ្នា។ ប្រសិនបើ “តាជ្រូក” ខ្ចិលស៊ីឬកើតមានជំងឺ គឺគ្រួសារនោះត្រូវ រៀបចំពិធីសែននៅសាលាភូមិដើម្បីបួងសួងសុំអោយ “តាជ្រូក” ជាសះស្បើយ។ លោក Nguyen Phu Son ជាអ្នកចិញ្ចឹម “តាជ្រូក” នៅភូមិ ឡា ហ៊្វូ បានថ្លែងថា៖

        “ត្រូវជ្រើសរើសពូជជ្រូកដែលមានស្បែកសក្បុស ហើយមានទម្ងន់ធ្ងន់ចាប់ពី ២០០គីឡូក្រាមឡើងទៅ។ ចំពោះរបៀបចិញ្ចឹមបីបាច់វិញ គឺអោយជ្រូកស៊ី២ ពេលក្នុងមួយថ្ងៃ នាគ្រាដំបូងអោយស៊ីកន្ទក់ដូចជ្រូកធម្មតា ក៏ប៉ុន្តែចាប់ពីខែ តុលាតទៅ អោយស៊ីតែបបរ ស្ករអំពៅ និងបន្លែប៉ុណ្ណោះ។ ចិញ្ចឹមបាន ១០ខែ “តាជ្រូក” កើនទម្ងន់ជាមធ្យម១៥គីឡូក្រាមក្នុងមួយខែ ហើយចាប់ពីខែទី១០ទៅ  នឹងមិនកើនទៀតទេ”។

        នាថ្ងៃប្រព្រឹត្តទៅពិធីបុណ្យ នាវេលាម៉ោង៦ល្ងាច “តាជ្រូក” និងគ្រឿង សំណែនត្រូវបានអ្នកភូមិដង្ហែក្បួននៅជុំវិញភូមិក្នុងសូរសម្លេងស្គរលាន់ទ្រហឹង។ តាមទំនៀមទំលាប់ក្នុងភូមិ សង្កាត់នៅក្បែរសាលាភូមិនឹងដង្ហែ “តាជ្រូក” ចូលមុន ចំណែកឯសង្កាត់នៅឆ្ងាយនឹងដង្ហែចូលតាមក្រោយ។ នាវេលាម៉ោង៩យប់ បណ្ដា “តាជ្រូក” ត្រូវបានដង្ហែចូលក្នុងសាលាភូមិតាមការរៀបចំរបស់គណៈចាត់តាំង។ ដល់វេលាម៉ោង០ ព្រឹទ្ធាចារ្យភូមិចាប់ផ្ដើមសែន រហូតដល់វេលាម៉ោង២ព្រឹក។ ក្រោយពីបញ្ចប់ពិធីសែន បណ្ដាសង្កាត់នឹងដង្ហែ “តាជ្រូក” វិលត្រឡប់មកសង្កាត់ ខ្លួនវិញ ហើយចែកចាយសាច់ជ្រូកជូនក្រុមគ្រួសារក្នុងសង្កាត់ ដែលបានហៅថា “ជូនជោគសំណាង”។ លោក Nguyen Phan Dich ប្រធានគណៈចាត់តាំងពិធី បុណ្យភូមិ ឡា ហ៊្វូ បានអោយដឹងថា៖

        “កាលពីមុននេះ មានដង្ហែក្បួន “តាជ្រូក” ចំនួន៦ក្បាល ហើយកើនឡើងដល់ ១១ ក្បាល និង ១៧ ក្បាលនាសព្វថ្ងៃនេះ ព្រោះថាក្នុងភូមិមាន១៧សង្កាត់។ មាន “តាជ្រូក” ១៧ក្បាល ប៉ុន្តែមានតែ
៦ក្បាលបានចូលក្នុងសាលាភូមិដោយសារ មានតែទីសក្ការៈបូជាចំនួន៦ប៉ុណ្ណោះ។ ឆ្នាំនេះមាន៦ សង្កាត់បានចូល ហើយដល់ ឆ្នាំក្រោយនឹងប្ដូរទៅ៦សង្កាត់ផ្សេងទៀត។ ឆ្នាំនេះយើងខ្ញុំរៀបចំពិធីដង្ហែក្បួន “តាជ្រូក” យ៉ាងឱឡារឹកជាងឆ្នាំមុនៗ ព្រោះថានេះជាឆ្នាំកុរ ឯកស័ក”។

        ក្នុងពិធីបុណ្យដង្ហែក្បួន “តាជ្រូក” អ្នកភូមិ ឡា ហ៊្វូ ក៏បានរៀបចំសកម្មភាព វប្បធម៌ កីឡា ប្រកបដោយភាពសប្បាយអ៊ូអរ ដែលអូសបន្លាយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិកសិរ ជារៀងរាល់ឆ្នាំទៀតផង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី ប្រសិនបើអ្នកណាបានទៅទស្សនាភូមិ ឡា ហ៊្វូ ហើយចូលរួមពិធីបុណ្យ ដង្ហែក្បួន “តាជ្រូក” នេះ គឺគេនឹងមិនអាចបំភ្លេចរាល់លក្ខណៈវប្បធម៌ខាងវិញ្ញាណ ដ៏វិសេសវិសាលរបស់ប្រជាជននៅទីនេះបានឡើយ៕

ប្រតិកម្មទៅវិញ