ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន

Chia sẻ
(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈ កម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីនៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។

សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 1ជំនួបកំពូលលើក២រវាងប្រធានាធិបតីអាមេរិក លោក Donald Trump  និង ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un នៅទីក្រុងហាណូយចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៩

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយ មិត្តអ្នកស្តាប់ Kim Vanna ដែលជានិស្សិតកំពុងសិក្សានៅ មហាវិទ្យាល័យឧសថហាណូយបានសំដែងនូវការចាប់អារម្មណ៍ចំពោះព័ត៌មាននិងបទយកការណ៍ជារូបថតនាពេលថ្មីៗនេះរបស់កម្មវិធីជាភាសាខ្មែរស្តីពីកិច្ចប្រជុំកំពូលរវាងអាមេរិក និង ស.ប.ប កូរ៉េ លើកទី២ ដែលរៀបចំឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ។ ក្នុងសំបុត្រ មិត្តអ្នកស្តាប់រូបនេះ ក៏បានសរសេរថា «នាងខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងក្រៃលែងដោយសារតែ កិច្ចប្រជុំកំពូលលើកទី២ រវាងអាមេរិកនិង ស.ប.ប កូរ៉េ គឺជាព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយដ៏សំខាន់មួយដែលត្រូវបានមនុស្សគ្រប់ៗគ្នាយកចិត្តទុកដាក់យ៉ាងខ្លាំងនៅទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ ដោយបានសរឲ្យឃើញអំពីការជឿទុក ចិត្តរបស់ដៃគូអន្តរជាតិជូននានាលើប្រទេសវៀតណាម ហើយព្រមទាំងបញ្ជាក់ថាប្រទេសវៀតណាមជាសមាជិកមួយយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជាបានក្លាយទៅជាកត្តាពិសេសចំពោះដំណើរការចរចាររវាងអាមេរិក និង ស.ប.ប កូរ៉េផងដែរ។ តាមរយៈកម្មវិធីជាភាសាខ្មែរនៃវិទ្យុសម្លេងវៀត ណាម នាងខ្ញុំបានក្តាប់ជាប់ទាន់ពេលវេលានូវរាល់ព័ត៌មាននិងរូបភាពដ៏រស់រវើកអំពីកិច្ចប្រជុំសំខាន់ៗនេះ។ អាចនិយាយថា នេះគឺជាឱកាសដ៏មានតម្លៃសំរាប់វៀតណាម ដើម្បីផ្សព្វផ្សាយរូបភាព មនុស្ស និងទឹកដីប្រទេសវៀតណាមទៅកាន់ពិភពលោកទាំងមូលប្រកបដោយប្រសិទ្ធភាពនិងឆាប់រហ័សបំផុតផងដែរ»។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសំដែងនូវអារម្មណ៍របស់មិត្តអ្នកស្តាប់  Kim Vanna ហើយកម្មវិធីយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពនូវព័ត៌មានឲ្យទាន់ហេតុការណ៍ថ្មីៗ និងក្តៅបំផុតដើម្បីផ្សាយជូនដល់មិត្តអ្នកស្តាប់ទាំងអស់គ្នានាពេលខាងមុខ។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 2 ទួលភ្នំតែ Tan Cuong 

ពីខេត្តព្រៃវែងប្រទេសកម្ពុជា មិត្តអ្នកស្តាប់ ChanThou មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីតំបន់តែពិសេស Tan Cuong។ មិត្តអ្នកស្ដាប់ជាទីមេត្រី! តំបន់តែពិសេស Tan Cuong ឬហៅថា ទួលភ្នំតែ Tan Cuong ដែលមានចម្ងាយឆ្ងាយ ប្រមាណ ១០ Km ពីមជ្ឈមណ្ឌលទីក្រុង Thai Nguyen ភាគនិរតី ដោយមានទំហំផ្ទៃដីដាំដំណាំតែជាង ១.៣០០ ហិចតា។ ជាពិសេសគឺ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ Tan Cuong ភ្ញៀវទេសចរត្រូវបានគេឧទ្ទេសនាមអំពីរបៀបទទួលទានទឹកតែ ក៏ដូចជា ស្វែងយល់យ៉ាងជ្រៅអំពីរសជាតិទឹកតែ និងប្រវត្តិសាស្រ្តនៃការទទួល ទានទឹកតែ ដែលបានបន្សល់ទុកតាមគ្រប់ជំនាន់និមួយៗផងដែរ។ តែ Tan Cuong មិនត្រឹមតែមានរសជាតិដ៏ឆ្ងាញ់ធម្មជាតិ ចត់ស្រាលៗ ទឹកតែពណ៌លឿងបៃតង ដែលធ្វើឲ្យអ្នកដែលចូលចិត្តសិល្បៈទទួលទានទឹកតែវក់ចិត្តប៉ុណ្ណោះទេ ថែមទាំងផលិតផលតែ Tan Cuong នៅតែមានពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះនៅលើទីផ្សារទៀតផង ជាពិសេស តែ Tan Cuong ត្រូវបាននាយកដ្ឋានរក្សាកម្មសិទ្ធិបញ្ញានៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម បញ្ជាក់សំគាល់នាឆ្នាំ២០០៦។ នេះពិតប្រកដជាការសាកល្បងគួរឲ្យសប្បាយរីករាយ សំរាប់ភ្ញៀវទេសចរខណៈពេលដែលមកដល់ទស្សនាតំបន់តែពិសេស Tan Cuong ផងដែរ។

ឆ្លើយសំនួរមិត្តអ្នកស្តាប់មួយចំនួន - ảnh 3 មួកស្លឹក  ភូមិ Chuong ឃុំ Phuong Trung ស្រុក Thanh Oai ទីក្រុងហាណូយ

មិត្តអ្នកស្តាប់ឈ្មោះ ស្រីពៅ មកពីរាជធានីភ្នំពេញ បានសំដែងនូវបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីមួកភូមិ Chuong នៅទីក្រុងហាណូយ។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! ភូមិ Chuong ឃុំ Phuong Trung ស្រុក Thanh Oai ទីក្រុងហាណូយ មានឈ្មោះដ៏ល្បីល្បាញនៅទូទាំងប្រទេសដោយមានមុខរបរធ្វើមួកស្លឹកជាប្រពៃណីតាំងពីយូរ លង់ណាស់មកហើយ។ មួកស្លឹក Chuong មានរូបមន្តធ្វើ និងសម្រស់ដោយឡែករបស់ខ្លួន ដែលនាំឲ្យមួកស្លឹកនៅទីនេះមានភាពស្រស់ស្អាតនិងរឹងមាំផងដែរ។ សិប្បករធម្មតានឹងចំណាយកន្លះថ្ងៃ សម្បីតែពេញមួយថ្ងៃ ក៏មានដែរ ដើម្បីធ្វើមួកស្លឹក  Chuong ល្អមួយ ពីព្រោះថាធ្វើមួកមួកគឺត្រូវឆ្លងកាត់នូវដំណាក់កាលជាច្រើន ព្រមទាំងទាមទារឲ្យមានភាពផ្ចិតផ្ចង់ ប៉ិនប្រសប់ ក៏ដូចជាត្រូវតែមានរូបមន្តដោយឡែករបស់ប្រជាជននៅភូមិរបរនេះផងដែរ។ លើសពីនេះទៀត មុខរបរធ្វើពួកស្លឹកប្រពៃណីនៅភូមិ Chuong ក៏បានជួយបង្កើតការងារធ្វើជាច្រើនជូនដល់ពលករ ជាពិសេសគឺស្ត្រីនៅទីនេះ គេធ្វើដំណាំនៅស្រែបណ្តើរ ធ្វើការងារផ្ទះបណ្តើរ ហើយក៏ទទួលបានប្រាក់ចំណូលទៀតជារៀងរាល់ថ្ងៃផង   ដែរ។  គួរបញ្ជាក់ថា មួកសន្លឹក Chuong ត្រូវបាននាយកដ្ឋានរក្សាកម្មសិទ្ធបញ្ញា(នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម) ទទួលស្គាល់ជាពាណិជ្ជសញ្ញា «មួក Chuong» ហើយដើម្បីបង្កើនការផ្សព្វផ្សាយផលិតផលភូមិរបរនោះ ស្រុក Thanh Oai កំពុងកសាងទួរទេសចរនៅបណ្តាភូមិរបរនានាទៀតផង ក្នុងនោះមានភូមិរបរមួរស្លឹក Chuong។ នាពេលបច្ចុប្បមួកស្លឹកគឺជាផលិតផលដែលមានភាពជិតស្និតជាមួយប្រជាជន វៀតណាម ហើយប្រជនជននៅទីនេះក៏សង្ឃឹមថានឹង រក្សាអត្តសញ្ញាដ៏ល្អប្រសើរនិងពិសេសនេះតាមរយៈផលិត ផលមួកស្លឹកនេះផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ