ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

Chia sẻ
(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីនៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទ…..របស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 ពិពីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ២០១៩  (DIFF 2019)

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយ មិត្តអ្នកស្តាប់ ហេង សំណាង ដែលជានិស្សិតកំពុងសិក្សានៅមហាវិទ្យាល័យសំណង់ហាណូយបានសំដែងនូវការចាប់អារម្មណ៍ចំពោះព័ត៌មាននិងបទយកការណ៍របស់កម្មវិធីជាភាសាខ្មែរនាពេលថ្មីៗនេះ ស្តីពីពិពីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ២០១៩  (DIFF 2019)។ មិត្តអ្នកស្តាប់រូបនេះបានចែករំលែកថា «ទោះបីជាតាមរយៈកាសែត និងបុស្តិ៍ទូរទស្សន៍សារព័ត៌មានផ្សេងៗពីគ្នាក៏ដោយ ប៉ុន្តែខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ២០១៩  ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់់ ថ្ងៃទី ៦ ខែកក្កដា។ ក្រុមចូលរួមក្នុងការប្រកួតបាញ់កាំជ្រួចនៅក្នុងពិធីបើកបានផ្តល់ជូនទស្សនិកជននូវឈុតសំដែងមួយដ៏គួរឲ្យទាក់ភ្នែក និងស្អាតដ៏មហាអស្ចារ្យមែនទែន ដូចជាក្រុមប្រទេសរុស្ស៊ី ប៊ែលហ្សិក    ប្រេស៊ីល  ហ្វាំងឡង់ អ៊ីតាលី និងក្រុមម្ចាស់ផ្ទះវៀតណាម។ ក្រៅពីការបាញ់កាំជ្រួចនេះ នៅតែមានកម្មវិធីសំដែងសិល្បៈដ៏ពិសេសដោយមានការចូលរួមរបស់តារាចម្រៀងដ៏ល្បីឈ្មោះ ក៏ដូចជា រាល់សកម្មភាពជ៏រស់រវើកជាច្រើនបន្ថែមទៀត បាននាំមកនូវបរិយាកាសដ៏គួរឲ្យទាក់ទាញចិត្តដល់ប្រជាជននៅទីក្រុង Da Nang និងភ្ញៀវទសេចរអន្តរជាតិ ដើម្បីរួមចំណែកបញ្ជាក់និងលើកកំពស់នូវតំលៃវប្បធម៌ និងភាពស្រស់ស្អាតរបស់ប្រជាជនវៀតណាមនៅឯព្រឹត្តិការណ៍អន្តរជាតិនេះផងដែរ។ សំរាប់ខ្ញុំជាផ្ទាល់ ខ្ញុំពិតជាមានអារម្មណ៍ដ៏សប្បាយរីករាយណាស់ចំពោះពិធីបុណបាញ់កាំជ្រួច Da Nang ឆ្នាំ២០១៩ នេះ ហើយខ្ញុំនឹងចាប់យន្តហោះទៅកាន់ទីក្រុង Da Nang ក្នុងគោលបំណងចង់ទស្សនាដោយផ្ទាល់ភ្នែកនូវវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតបាញ់កាំជ្រួចដ៏មហាឡារិតបំផុតនៅវៀតណាមនាថ្ងៃទី ៦ ខែកក្កដាខាងមុខនេះផងដែរ»។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសំដែងនូវអារម្មណ៍របស់មិត្តអ្នកស្តាប់ ហេង សំណាង ហើយកម្មវិធីយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពនូវព័ត៌មានឲ្យទាន់ហេតុការណ៍ និងក្តៅបំផុតថែមទៀតដើម្បីផ្សាយជូនដល់មិត្តអ្នកស្តាប់ទាំងអស់នាពេលខាងមុខផងដែរ។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2ផ្លូវខ្សាច់ដើរថ្មើរជើងនៅកោះ Diep Son ខេត្ត Khanh Hoa

ពីខេត្តព្រៃវែងប្រទេសកម្ពុជា មិត្តអ្នកស្តាប់ គីម វណ្ណា មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីកោះ Diep Son ខេត្ត Khanh Hoa។ មិត្តអ្នកស្ដាប់ជាទីមេត្រី! មានចម្ងាយឆ្ងាយពីទីក្រុងហូជីមិញប្រមាណ៥០០គីឡូម៉េត្រ កោះ Diep Son ស្ថិតនៅក្នុងតំបន់សមុទ្រចំណុះឈូងសមុទ្រ Van Phong ខេត្ត Khanh Hoa ដែលកំពុងក្លាយទៅជាគោលដៅទេសចរមួយដ៏គួរឲ្យទាក់ចិត្តភ្ញៀវទេសចរជាច្រើននាក់ផងដែរ។ កោះ Diep Son ទាក់ទាញដោយសារភាពស្រស់ស្អាតដ៏រហោស្ថាន ហើយជាពិសេសគឺនៅទីនេះមានផ្លូវខ្សាច់ដើរថ្មើរជើងនៅលើលំហរសមុទ្រដ៏ពិសេសនៅវៀតណាម ដែលមានប្រវែងប្រមាណ ៧០០ ម៉ែត្រ ជាប់ជាមួយកោះទាំង៣ រួមមាន Diep Son, Hon Qua និង Hon O។ ជារៀងរាល់ថ្ងៃនៅវេលាម៉ោង៣ ល្ងាច ផ្លូវដ៏ពិសេសនេះនឹងផុសឡើងចេញធ្វើជាផ្លូវខ្សាច់ដោយមានអង្កត់ផ្ចិតប្រមាណ ១០ ម៉ែត្រ ហើយទាំងសង្ខាងផ្លូវនេះជាសមុទ្រដ៏ខៀវស្រងាត់ ដែលសមស្របនឹងភ្ញៀវទេសចរចង់ដើរថ្មើជើង ឬក៏ទៅទស្សនាទេសភាពដ៏ស្រស់ស្អាត និងថតរូបទុកជាអនុស្សាវរីយ៍នៅ «កន្លែងមានតែមួយគ្មានពីរ»នេះផងដែរ។ ដោយមានឆ្នេរសមុទ្រស្អាតនិងជលផលដ៏ច្រើនសម្បូរបែបនេះ បានធ្វើឲ្យកោះ Diep Son ក្លាយទៅជាគោលដៅទេសចរគួរឲ្យរំភើបចិត្តសំរាប់ភ្ញៀវទេសចរ និងជាកោះ    មួយក្នុងចំណោមទីកន្លែងកម្រមានផ្លូវដើរថ្មើរជើងនៅលើលំហរសមុទ្ររបស់វៀតណាមផងដែរ។

ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3 ភូមិមុខរបរប្រពៃណីធ្វើជើងធូប Quang Phu Cau

មិត្តអ្នកស្តាប់ឈ្មោះ មុនីរិធ្ធី  មកពីរាជធានីភ្នំពេញបានសំដែងនូវបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីភូមិមុខរបរប្រពៃណីធ្វើជើងធូប Quang Phu Cau នៅទីក្រុងហាណូយ។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! ភូមិមុខរបរប្រពៃណីធ្វើជើងធូប Quang Phu Cau ស្ថិតនៅជាយផ្លូវជាតិលេខ ២១B ស្រុក Ung Hoa រដ្ឋធានីហាណូយ ដែលត្រូវបានប្រសូត្រឡើងក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងទៅ ហើយបានក្លាយទៅជាភូមិរបរប្រពៃណីធ្វើជើងធូបតែមួយគត់នៅរដ្ឋធានីហាណូយផងដែរ។ វត្ថុធាតុដើមសម្រាប់ធ្វើជើងធូបគឺដើមឫស្សី។ ជើងធូបក្រោយពីត្រូវបានបំបែកជាជំរៀកៗ ហើយចងជាបាច់និមួយៗទើបនឹងយកទៅជ្រលក់ពណ៌ក្រហមឬពណ៌     ផ្សេងៗទៀត បន្ទាប់មកយកទៅហាលថ្ងទៀតផង។ ការងារធ្វើធូបគឺជាការងារដែលមានស្ថិរភាព ហើយប្រាក់ខែត្រូវបានបើកជូនតាមថ្ងៃធ្វើការដោយមានការកំណត់ចំនួនផលិតផល ហេតុដូច្នេះគ្រប់គ្រួសារនៅទីនេះមានប្រាក់ចំណូលជាទៀងទាត់ ហើយក្លាយទៅការងារដែលផ្សារភ្ជាប់ជាមួយជីវិតរបស់ប្រជាជននៅទីនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រជាជននៅទីនេះក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភឲ្យខ្ចីប្រាក់ដើម្បីវិនិយោគផលិតកម្ម និងពង្រីកមូលដ្ឋាន ក៏ដូចជាការផ្សព្វផ្សាយផលិតផល និងពាណិជ្ជសញ្ញានៅឯពិព័រណ៍ជាដើម ហេតុដូច្នេះកេរ្តិ៍ឈ្មោះរបស់ភូមិមុខរបរប្រពៃណី Quang Phu Cau កាន់តែល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងក្លាយទៅជាផលិតផលដ៏ពិសេសសំរាប់មុខរបរប្រពៃណីរបស់ទីក្រុងហាណូយផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ