លក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាលនិងទេសភាពធម្មជាតិគួរអោយចាប់អារម្មណ៍នៅវិហារ Cao An Phu

Chia sẻ
(VOVWORLD) - វិហារ Cao An Phu នៅឃុំ An Sinh ស្រុក Kinh Mon គឺជា កេរដំណែលប្រវត្តិសាស្ត្រដ៏វិសេសវិសាលមួយនៃខេត្ត Hai Duong ភាគខាងជើងវៀតណាម។ លក្ខណៈវិសេសវិសាលនៅវិហារនេះមិនត្រឹមតែបានបង្ហាញតាមរយៈខាងវប្បធម៌វិញ្ញាណប៉ុណ្ណោះទេ ថែមទាំងតាមរយៈស្ថាបត្យកម្មនិងទេសភាពធម្មជាតិទៀតផង។
លក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាលនិងទេសភាពធម្មជាតិគួរអោយចាប់អារម្មណ៍នៅវិហារ Cao An Phu - ảnh 1 ក្លោងទ្វារចូលក្នុងវិហារ Cao An Phu (រូបថត៖ baotintuc.vn)

  វិហារ Cao An Phu ស្ថិតនៅក្នុងលំហរបរិយាកាសដ៏ធំទូលាយនៃជួរភ្នំ An Phu ដែលត្រូវបានព័ទ្ធជុំវិញដោយកេរដំណែលនិងសំណង់ស្ថាបត្យកម្មជាច្រើន ដែលផ្សាភ្ជាប់ទៅនឹងជីវិតរបស់ព្រះបាទ An Sinh Vuong Tran Lieu និង ព្រះបាទ Hung Dao Vuong Tran Quoc Tuan។ តាមឯកសារប្រវត្តិសាស្ត្របានសរសេរថា វិហារ Cao ឧទ្ទិសដល់ព្រះបាទ An Sinh Vuong Tran Lieu ដែលជាព្រះបិតារបស់ព្រះបាទ Huong Dao Vuong Tran Quoc Tuan។ វិហារនេះត្រូវបានកសាងឡើងកាលពីរាជ្យវង្ស Tran នាសតវត្សទី១៣ នៅលើកំពូលភ្នំ An Phu ដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតគួរអោយរំជួលចិត្ត។ ភាគឦសាននៃវិហារនេះមើលទៅជួរភ្នំ Yen Tu ភាគពាយ័ព្យគឺជារូងភ្នំ Kinh Chu ដែលបានគេប្រសិទ្ធនាមថា ជារូងភ្នំស្អាតទី៦ក្នុងទូទាំងប្រទេស ភាគនិរតីមើលទៅតំបន់វាលទំនាបធំល្វឹងល្វើយ ហើយជើងភ្នំត្រូវព័ទ្ធជុំវិញដោយទន្លេ Kinh Thay។ ទាំងអស់នោះដូចជាការរៀបចំរបស់ធម្មជាតិ បានបង្កើតឡើងភាពអស្ចារ្យនៃកេរដំណែលខាងវិញ្ញាណនេះ។

        វិហារ Cao ធ្វើសក្ការៈបូជាព្រះបាទ An Sinh Vuong Tran Lieu ជាព្រះអនុជរបស់ស្ដេច Tran Thai Tong ដែលជាស្ដេចដើមដំបូងនៃរាជ្យវង្ស Tran។ តាមឯកសារប្រវត្តិសាស្ត្របានសរសេរថា ក្នុងអំឡុងពេលរាជ្យវង្ស Tran ចំពោះមុខការគំរាមកំហែងនៃការឈ្លានពានរបស់ខ្មាំងសត្រូវ ម៉ុងហ្គោ ព្រះបាទ Tran Lieu និងកូនប្រុស Tran Quoc Tuan បានលើកទឹកចិត្តប្រជាជនទាំងមូលសាមគ្គីគ្នាតស៊ូប្រឆាំងនឹងសត្រូវឈ្លានពាន។ ក្រោមការដឹកនាំរបស់រាជ្យវង្ស Tran ប្រជាជន Dai Viet បានវាយបំបាត់ខ្មាំងសត្រូវឈ្លានពានម៉ុងហ្គោចំនួន៣លើក។ អាស្រ័យដោយមានគុណូបការៈដ៏ធំធេងក្នុងការតស៊ូប្រឆាំងនឹងសត្រូវ ព្រះបាទTran Lieu ត្រូវបានស្ដេច Tran ត្រាស់បង្គាប់តែងតាំងជាព្រះបាទ An Sinh Vuong ដែលគ្រប់គ្រងតំបន់ដីនៅឃុំ An Phu និងឃុំជុំវិញមួយចំនួនទៀត។ ក្រោយពីព្រះបាទ Tran Lieu លាចាកលោកទៅនាឆ្នាំ១២៥១ ប្រជាជនបានកសាងវិហារធ្វើសក្ការៈបូជានៅលើភ្នំ An Phu។ នាសព្វថ្ងៃ វិហារ Cao An Phu បានក្លាយទៅជាគោលដៅទេសចរណ៍ខាងវិញ្ញាណដែលទាក់ទាញភ្ញៀវពីគ្រប់ទិសទីមកទស្សនានិងអុជធូបទៀនយ៉ាងច្រើនកុះករ។ លោក Pham Huu Quan ប្រធានគណៈគ្រប់គ្រងកេរដំណែលស្រុក Kinh Mon បានអោយដឹងថា៖

        “កំពូលភ្នំនេះមានកម្ពស់២៤៦ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ វិហារធ្វើសក្ការៈបូជាព្រះបាទ An Sinh Vuong Tran Lieu ត្រូវបានកសាងឡើងចាប់តាំងពីរាជ្យវង្ស Tran។ នាឆ្នាំ២០០៥ ស្រុក Kinh Mon បានជួសជុលកែលម្អវិហារនេះ។ រូបបដិមាររបស់ព្រះបាទត្រូវបានធ្វើសក្ការៈបូជានៅអគារខាងក្រោយ។ តាមគេនិទានថា នៅក្រោមរូបបដិមារនោះគឺអិដ្ឋធាតុរបស់ព្រះបាទ។ មានកតែក្នុងទិវាសែនខួបព្រះបាទតែប៉ុណ្ណោះ ទើបបើកទ្វារអគារខាងក្រោយដើម្បីអោយមនុស្សចូលអុជធូប”។

លក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាលនិងទេសភាពធម្មជាតិគួរអោយចាប់អារម្មណ៍នៅវិហារ Cao An Phu - ảnh 2 រូបបដិមារព្រះបាទ Hung Dao Vuong Tran Quoc Tuan 

        នៅមិនឆ្ងាយពីទីតាំងកណ្ដាលនៃវិហារ Cao គឺទីកន្លែងដាក់តម្កល់រូបបដិមារព្រះបាទ Hung Dao Vuong Tran Quoc Tuan។ រូបបដិមារនោះមើលទៅភាគខាងកើត ដៃស្ដាំកាន់ក្បួនណែនាំកងទ័ព  ដៃឆ្វេងដាក់នៅលើដងដាវ ដែលមានអត្ថន័យចង់ផ្ដែផ្ដាំជនជាតិវៀតណាមជំនាន់ក្រោយៗត្រូវការពារទឹកដី រក្សាអធិបតេយ្យភាពរបស់មាតុប្រទេស។ លោក Pham Huu Quan ប្រធានគណៈគ្រប់គ្រងកេរដំណែលស្រុក Kinh Mon បានអោយដឹងថែមទៀតថា៖

        “ពេលដែលកសាងរូបបដិមារព្រះបាទ Tran Hung Dao នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកដែលបានរៀបដុំថ្មដើមដំបូង។ រូបបដិមារនេះត្រូវបានកសាងដោយថ្មខៀវចំនួន៦៥ដុំ ដែលមានកំពស់ចំនួន១២,៧ម៉ែត្រ។ នេះជាសំណង់មួយក្នុងចំណោមសំណង់ធំបំផុតនៅវៀតណាម”។

        នាពេលមកដល់វិហារ Cao An Phu ម្ដងៗ ភ្ញៀវទេសចរក៏បានគយគន់ផ្ទាំងគំនូរកុលាលភាជន៍ធំសម្បើមដែលពណ៌នាអំពីអំឡុងពេលតស៊ូប្រឆាំងនឹងខ្មាំងសត្រូវ ម៉ុងហ្គោ របស់ជនជាតិវៀតណាម ទៀតផង។ ផ្ទាំងគំនូរនេះមានប្រវែង៤៥ម៉ែត្រនិងកំពស់ជាមធ្យម២,៥ម៉ែត្រ ដែលត្រូវបានច្នៃប្រឌិតឡើងដោយជាងកុលាលភាជន៍នៅភូមិ Cay ស្រុក Binh Giang ខេត្ត Hai Duong។ អ្នកស្រី Tra My ភ្ញៀវទេសចរម្នាក់មកពីខេត្ត Lam Dong បានចែករំលែកថា៖

        “នេះជាលើកដំបូងដែលខ្ញុំមកដល់ទីនេះ ទេសភាពធម្មជាតិពិតជាស្អាតអស្ចារ្យណាស់។ មើលពីកំពូលភ្នំអាចឃើញតំបន់វាលទំនាបខៀវស្រងាត់ធំល្វឹងល្វើយដែលបានព័ទ្ធជុំវិញដោយទន្លេ Kinh Thay។ ទីនេះមិនត្រឹមតែជាទីកន្លែងខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរទៀតផង”។

        ថ្វីត្បិតតែឆ្លងកាត់ការជួសជុលជាច្រើនលើកច្រើនសារក្ដី ប៉ុន្តែមណ្ឌលកេរដំណែលវិហារ Cao An Phu នៅតែរក្សាបាននូវលក្ខណៈស្ថាបត្យកម្មដើម។ រហូតមកដល់សព្វថ្ងៃនេះ ក្នុងវិហារ Cao An Phu នៅតែមានស្លាកស្នាមនៃពាក្យប្រដូចមួយចំនួនដែលលើកតម្កើងគុណូបការៈរបស់ព្រះបាទ An Sinh Vuong ក៏ដូចជាកោតសរសើរទេសភាពធម្មជាតិនៅតំបន់ដី An Phu នេះ ផងដែរ៕

ប្រតិកម្មទៅវិញ